ជប៉ុន អនុម័តកញ្ចប់ថវិកា ៧៨៥ពាន់លានដុល្លារ ជាមួយការប្តេជ្ញាគ្រប់គ្រងបញ្ហាបំណុល (Video inside)
26-12-2025 15:41
(តូក្យូ)៖ នាថ្ងៃសុក្រ ទី២៦ ខែធ្នូ គណៈរដ្ឋមន្រ្តីរបស់នាយករដ្ឋមន្រ្តីជប៉ុន លោកស្រី Sanae Takaichi បានអនុម័តកញ្ចប់ថវិកាចំនួន ៧៨៥ពាន់លានដុល្លារសម្រាប់ឆ្នាំ ២០២៦ ក្នុងបំណងធ្វើឱ្យមានតុល្យភាព រវាងគោលនយោបាយសារពើពន្ធសកម្ម និងក្តីបារម្ភពីបញ្ហាបំណុល។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
ប្រឈមមុខនឹងការកើនឡើងនៃមូលបត្របំណុលរដ្ឋាភិបាល ក៏ដូចអត្រាប្រាក់យ៉េនទន់ខ្សោយ រដ្ឋបាលលោកស្រី Takaichi បានបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីធានាដល់វិនិយោគិនថា រដ្ឋាភិបាលនឹងមិនងាកទៅរកការចេញបណ្ណបំណុល ដែលមានហានិភ័យ ឬការកាត់បន្ថយពន្ធឡើយ។ ថវិកាប្រចាំឆ្នាំ ២០២៦ ដែលចាប់ផ្តើមពីខែមេសា និងត្រូវដាក់ជូនសភានាដើមឆ្នាំក្រោយ មានចំនួនសរុប ១២២.៣ទ្រីលានយ៉េន ឬ ៧៨៤.៦៣ពាន់លានដុល្លារ។
គួរបញ្ជាក់ថា ជប៉ុន មានបន្ទុកបំណុលខ្ពស់បំផុតក្នុងចំណោមក្រុមប្រទេសអភិវឌ្ឍ ដែលលើសពីទំហំសេដ្ឋកិច្ចរបស់ខ្លួន ២ដង ជាហេតុនាំឱ្យងាយរងផលប៉ះពាល់ខ្លាំង ពីការកើនឡើងបន្ទុកការប្រាក់ និងធ្វើឱ្យស្មុគស្មាញដល់ផែនការរបស់លោកស្រី Takaichi ដើម្បីសម្រេចវិធានការជំរុញសេដ្ឋកិច្ចធំៗ៕






