ព្រះមហាក្សត្រអង់គ្លេស មានព្រះរាជបន្ទូលពីសារសំខាន់នៃសាមគ្គីភាពក្នុងបរិយាបន្ន ក្នុងព្រះរាជសារថ្ងៃបុណ្យណូអែល (Video inside)

26-12-2025 16:15

(ឡុងដ៏)៖ នៅក្នុងព្រះរាជសារបុណ្យណូអែល កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ព្រះមហាក្សត្រនៃចក្រភពអងគ្លេស ព្រះអង្គ Charles បានលើកឡើងពីសារៈសំខាន់នៃការរួបរួមគ្នាក្នុងបរិយាបន្ន នៅគ្រាដែលបញ្ហាសង្រ្គាម និងភាពតានតឹងនានា កំពុងធ្វើឱ្យសហគមន៍ជុំវិញពិភពលោកថប់បារម្ភ។ នេះបើយោងតាមការចេញដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៦ ខែធ្នូ ឆ្នាំ ២០២៥។

ព្រះអង្គ Charles ដែលមានព្រះជន្ម ៧៧ព្រះវស្សា មានព្រះរាជបន្ទូលថា «ជាមួយភាពចម្រុះដ៏អស្ចារ្យនៃសហគមន៍ របស់យើង យើងអាចស្វែងរកភាពខ្លាំងដើម្បីយកឈ្នះលើភាពខុសឆ្គង»។ ព្រះរាជសាររបស់ព្រះអង្គ បានលើកអំពីដំណើរជីវិត និងសារៈសំខាន់នៃការបង្ហាញសេចក្តីសប្បុរស ចំពោះមនុស្សដែលកំពុងមានទុក្ខលំបាក និងកោតសរសើរដល់អតីតយុទ្ធជនអង់គ្លេស រួមទាំងបុគ្គលិកផ្តល់ជំនួយ ចំពោះភាពក្លាហានរបស់ពួកគេក្នុងភាពលំបាកផងដែរ។

គួរបញ្ជាក់ថា ស្តេចអង់គ្លេសគឺជាអភិបាលកំពូលនៃសាសនាចក្រនៃប្រទេសអង់គ្លេស។ ព្រះរាជសុន្ទរកថា ដែលសំបូរទៅដោយ ឯកសារយោងពីប្រវត្តិបុណ្យណូអែល ព្រះអង្គ Charles ក៏បានរំឮកផងដែរ អំពីដំណើរទស្សនៈកិច្ចផ្លូវរដ្ឋទៅកាន់ បុរីវ៉ាទីកង់ក្នុងខែតុលា ជាទីដែលព្រះអង្គ និងសម្តេចប៉ាប ឡេអូ បានអធិស្ឋានរួមគ្នា ដែលជាការគោរពប្រណិប័តន៍លើកដំបូង ដោយស្តេចអង់គ្លេស ជាមួយបុព្វជិតកាតូលិក ចាប់តាំងពីប្រទេសអង់គ្លេស ផ្តាច់ខ្លួនចេញពីទីក្រុងរ៉ូម ក្នុងឆ្នាំ ១៥៣៤៕