ចិន ដាក់ទណ្ឌកម្មលើក្រុមហ៊ុនការពារជាតិអាមេរិកចំនួន ២០ និងបុគ្គល ១០នាក់ ជុំវិញការលក់អាវុធឱ្យតៃវ៉ាន់

26-12-2025 18:37

(ប៉េកាំង)៖ ក្រសួងការបរទេសចិន នៅថ្ងៃសុក្រនេះបានប្រកាសដាក់ទណ្ឌកម្ម លើបុគ្គលចំនួន ១០នាក់ និងក្រុមហ៊ុនការពារជាតិសហរដ្ឋអាមេរិកចំនួន ២០ ដើម្បីឆ្លើយតបនឹងការលក់អាវុធទៅឱ្យកោះតៃវ៉ាន់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

វិធានការនេះនឹងបង្កកទ្រព្យសម្បត្តិទាំងអស់របស់ក្រុមហ៊ុន និងបុគ្គលទាំងនោះនៅក្នុងប្រទេសចិន ហើយហាមឃាត់មិនឱ្យអង្គភាព ឬបុគ្គលក្នុងស្រុកធ្វើអាជីវកម្មជាមួយពួកគេឡើយ។ បន្ថែមពីនេះ នាយកប្រតិបត្តិជាន់ខ្ពស់ និងស្ថាបនិកក្រុមហ៊ុនមួយចំនួនក៏ត្រូវបានហាមឃាត់មិនឱ្យចូលទឹកដីចិនផងដែរ។

ចំណាត់ការដ៏តឹងរ៉ឹងនេះ ធ្វើឡើងបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានប្រកាសកាលពីសប្តាហ៍មុន នូវកញ្ចប់លក់អាវុធដែលមានតម្លៃ ១១.១ពាន់លានដុល្លារឱ្យតៃវ៉ាន់ ដែលជាកញ្ចប់ធំបំផុតក្នុងប្រវត្តិសាស្ត្រ។ អ្នកនាំពាក្យក្រសួងការបរទេសចិនបានសង្កត់ធ្ងន់ថា «បញ្ហាតៃវ៉ាន់គឺជាស្នូលនៃផលប្រយោជន៍របស់ចិន និងជាខ្សែបន្ទាត់ក្រហមទីមួយដែលមិនអាចឆ្លងកាត់បាននៅក្នុងទំនាក់ទំនងចិន-អាមេរិក»៕