លោក ហ្សេលេនស្គី គ្រោងជួបលោក ត្រាំ ឆាប់ៗ និងរំពឹងថាការសម្រេចចិត្តធំៗនឹងកើតឡើងមុនចូលឆ្នាំថ្មី (Video inside)
26-12-2025 21:45
(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានប្រកាសនៅថ្ងៃសុក្រនេះថា លោកមានគម្រោងជួបពិភាក្សាជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងពេលដ៏ខ្លីខាងមុខ ហើយលោកជឿជាក់ថារឿងសំខាន់ៗជាច្រើនអាចនឹងត្រូវបានសម្រេចមុនពេលពិធីបុណ្យចូលឆ្នាំថ្មីឈានចូលមកដល់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក ហ្សេលេនស្គី បានសរសេរនៅលើបណ្តាញសង្គម X ថា «យើងបានឯកភាពគ្នាលើកិច្ចប្រជុំនៅកម្រិតខ្ពស់បំផុតជាមួយលោកប្រធានាធិបតី ត្រាំ...ហើយរឿងជាច្រើនអាចត្រូវបានសម្រេចមុនចូលឆ្នាំថ្មី»។
ការប្រកាសនេះធ្វើឡើងបន្ទាប់ពីលោកបានជួបពិភាក្សាជាមួយបេសកជនពិសេសលោក ត្រាំ គឺលោក ស្ទីវ វីតកុហ្វ និងលោក ចារ៉េដ គូសនឺ កាលពីថ្ងៃព្រហស្បតិ៍។ លោកបានបញ្ជាក់ថា ឯកសារមួយចំនួននៃក្របខណ្ឌបញ្ចប់សង្គ្រាម និងការកសាងប្រទេសឡើងវិញ គឺ «ជិតរួចរាល់ហើយ» ខណៈខ្លះទៀត «បានរៀបចំរួចរាល់ទាំងស្រុង»។
ទោះជាយ៉ាងណា លោក ហ្សេលេនស្គី បានសង្កត់ធ្ងន់ថា បញ្ហារសើបជាពិសេសការសម្របសម្រួលលើបញ្ហាទឹកដី និងការគ្រប់គ្រងរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ចាំបាច់ត្រូវពិភាក្សាដោយផ្ទាល់នៅកម្រិតប្រមុខរដ្ឋ ព្រោះមកទល់ពេលនេះមិនទាន់មានការឯកភាពគ្នានៅឡើយទេ៕




