អ៉ីស្រាអែលក្លាយជាប្រទេសដំបូងគេដែលទទួលស្គាល់ Somaliland រដ្ឋឯករាជ្យ (Video inside)

27-12-2025 09:21

(Reuters)៖ អ៉ីស្រាអែលបានក្លាយជាប្រទេសដំបូងគេបំផុតដែលបានប្រកាសទទួលស្គាល់ជាផ្លូវការ Somaliland ជារដ្ឋឯករាជ្យ និងអធិបតេយ្យកាលពីថ្ងៃសុក្រ ទី២៦ ខែធ្នូ ជាការសម្រេចចិត្តមួយដែលនឹង ជំរុញឱ្យមានការប្រែប្រួលនៅក្នុងតំបន់ និងធ្វើតេស្ដលើការប្រឆាំងជំទាស់ជាយូរមកហើយរបស់សូម៉ាលីចំពោះការផ្ដាច់ខ្លួនណាមួយ។​ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បាននិយាយថាអ៉ីស្រាអែលនឹងស្វែងរកកិច្ចសហប្រតិបត្តិការភ្លាមៗជាមួយ Somaliland នៅក្នុងវិស័យកសិកម្ម សុខាភិបាល បច្ចេកវិទ្យា និងសេដ្ឋកិច្ច។ លោក Netanyahu​ បានអបអរសាទរប្រធានាធិបតី Somaliland លោក Abdirahman Mohamed Abdullahi ជាមួយការកោតសរសើរពីភាពជាមេដឹកនាំរបស់លោក និងអញ្ជើញ រូបលោកធ្វើទស្សនកិច្ចទៅកាន់អ៉ីស្រាអែល។

តាមលោក Netanyahu ការប្រកាសទទួលស្គាល់ Somaliland ធ្វើឡើងនៅក្នុងស្មារតីនៃកិច្ចព្រមព្រៀង Abraham Accords ដែលជាគំនិតផ្ដួចផ្ដើមសន្តិភាពមួយរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ Abraham Accords ត្រូវបានសម្របសម្រួលឡើងដោយលោក ដូណាល់ ត្រាំ កាលពីអាណត្តិទី១របស់លោក ដោយត្រួសត្រាយផ្លូវឱ្យអ៉ីស្រាអែលភ្ជាប់ទំនាក់ទំនងជាប្រក្រតីជាមួយបារ៉ែន និងអេមីរ៉ាតអារ៉ាប់រួម ហើយមានប្រទេសមួយចំនួនចូលរួមនៅក្រោយៗមកទៀត។ សេចក្ដីថ្លែងការណ៍ពីរដ្ឋាភិបាលអ៉ីស្រាអែលបានឱ្យដឹងថាលោក Netanyahu រដ្ឋមន្ត្រីការបរទេសអ៉ីស្រាអែល លោក Gideon Saar រួមទាំងប្រធានាធិបតី Somaliland បានចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួមទទួលស្គាល់គ្នាទៅវិញទៅមក។

លោក Abdullahi នៅក្នុងសេចក្ដីថ្លែងការណ៍មួយក៏បានប្រកាសដែរថា Somaliland នឹងចូលរួមក្នុងកិច្ចព្រមព្រៀង Abraham Accords ដោយចាត់ទុកថាវាជាការបោះជំហានមួយឆ្ពោះទៅសន្តិភាពតំបន់ និងពិភពលោក។ ក៏ប៉ុន្តែរដ្ឋាភិបាលសូម៉ាលីបានថ្កោលទោសការសម្រេចចិត្តរបស់អ៉ីស្រាអែល ចាត់ទុកថាវាជាជំហានខុសច្បាប់ និងជាការវាយប្រហារដោយចេតនាលើអធិបតេយ្យរបស់ខ្លួនជាមួយការទាត់ចោលរាល់ ការទទួលស្គាល់ Somaliland។ ប្រទេសមួយចំនួនទៀត រួមទាំងសហភាពអាហ្វ្រិកក៏បានច្រានចោលផងដែរការទទួលស្គាល់ Somaliland ជាមួយការគូសបញ្ជាក់ឡើងវិញពីការប្ដេជ្ញាចិត្តឥតងាករេរបស់ពួកគេ ចំពោះសាមគ្គីភាព និងបូរណភាពទឹកដីរបស់សូម៉ាលី ហើយព្រមានថាការសម្រេចចិត្តរបស់អ៉ីស្រាអែលអាចនឹងបង្កហានិភ័យបំផ្លាញដល់សន្តិភាព និងស្ថិរភាពនៅទូទាំងតំបន់អាហ្វ្រិក។

គួរបញ្ជាក់ថា Somaliland បានរីករាយជាមួយស្វ័យភាព សន្តិភាព និងស្ថិរភាពចាប់តាំងពីឆ្នាំ១៩៩១ ជាពេលដែលសូម៉ាលីមានសង្រ្គាមស៊ីវិល។ ប៉ុន្តែតំបន់ផ្ដាច់ខ្លួនមួយនេះមិនទទួលបានការគាំទ្រ ឬទទួលស្គាល់ពីបណ្ដាប្រទេសដទៃនោះទេ៕