លោក ហ្សេលេនស្គីថាការវាយប្រហារលើរដ្ឋធានីកៀវ បញ្ជាក់ថារុស្ស៉ីមិនចង់បញ្ចប់សង្រ្គាមនោះទេ
27-12-2025 17:54
(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃសៅរ៍ ទី២៧ ខែធ្នូ បាននិយាយថាការវាយប្រហារដោយដ្រូន និងការបាញ់ផ្លោងមីស៊ីលរបស់រុស្ស៉ីលើទីក្រុងកៀវ បានបង្ហាញថារុស្ស៉ីមិនចង់បញ្ចប់សង្រ្គាមនោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
លោក ហ្សេលេនស្គីធ្វើការកត់សម្គាល់បែបនេះ នៅមុនរូបលោកបំពេញទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកិច្ចពិភាក្សាជាមួយលោកប្រធានាធិបតី ដូណាល់ ត្រាំអំពី ផែនការសន្តិភាពបិទបញ្ចប់ការឈ្លានពានរបស់រុស្ស៉ី។ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ដូច្នេះថា «រុស្ស៉ីមិនចង់បញ្ចប់សង្រ្គាមឡើយ ហើយកំពុងព្យាយាមចាប់យកឱកាសដើម្បីបង្ក ការខូចខាតធ្ងន់ធ្ងរដល់អ៊ុយក្រែន និងបង្កើនការដាក់សម្ពាធរបស់ពួកគេលើបណ្ដាប្រទេសដទៃនៅជុំវិញពិភពលោក»។
តាមលោក ហ្សេលេនស្គី រុស្ស៉ីនៅថ្ងៃសៅរ៍នេះបានបើកការវាយប្រហារលើរដ្ឋធានីកៀវដោយប្រើដ្រូន ៥០០គ្រឿង និងមីស៊ីល៤០គ្រាប់។ ការវាយប្រហារនេះបានបណ្ដាលឱ្យដាច់ ចរន្តអគ្គិសនី និងប្រព័ន្ធកម្ដៅនៅតាមផ្នែកជាច្រើននៃរដ្ឋធានីកៀវ ហើយមានមនុស្សម្នាក់បានស្លាប់៕









