ព្យុះរដូវរងាបោកបក់ភាគឦសានសហរដ្ឋអាមេរិក រំខានដល់ចរាចរណ៍ផ្លូវអាកាស (Video inside)

27-12-2025 20:01

(ញូវយ៉ក)៖ ខ្យល់ព្យុះរដូវរងាដែលលាយឡំដោយព្រិល និងទឹកកក បានធ្លាក់មកលើភាគឦសានសហរដ្ឋអាមេរិក នាព្រឹកថ្ងៃសៅរ៍នេះ (ម៉ោងក្នុងតំបន់) ដោយរំខានដល់ចរាចរណ៍ក្រុមហ៊ុនអាកាសចរណ៍ក្រោយថ្ងៃឈប់សម្រាក និងជំរុញឱ្យរដ្ឋ New York និង New Jersey ចេញសេចក្តីប្រកាសអាសន្នអាកាសធាតុ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៧ ខែធ្នូ ឆ្នាំ២០២៥។

ព្រិលចាប់ផ្តើមធ្លាក់នៅភាគខាងលិចរដ្ឋ New York និងតំបន់ជុំវិញតាំងពីល្ងាចថ្ងៃសុក្រមក។ យោងតាមសេវាតាមដានជើងហោះហើរ FlightAware ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ពាណិជ្ជកម្មជាង ១,៦០០ នៅក្នុងសហរដ្ឋអាមេរិក និងជើងហោះហើរចូល ឬចេញពីប្រទេស ត្រូវបានលុបចោលកាលពីថ្ងៃសុក្រ ហើយ ៧,៨០០ ទៀតត្រូវបានពន្យារពេល ដោយសារលក្ខខណ្ឌអាកាសធាតុ។

ទីភ្នាក់ងារអាកាសធាតុជាតិ បានចេញការព្រមានអំពីព្យុះព្រិលទឹកកក និងព្យុះរដូវរងាទូទាំងរដ្ឋ New York និងរដ្ឋ Connecticut ដោយព្យាករណ៍ថា នឹងមានព្រិលធ្លាក់ខ្លាំងបំផុតរហូតដល់តំបន់ Long Island និងជ្រលង Hudson។ នៅតំបន់ជាច្រើនត្រូវបានព្យាករណ៍ថា នឹងមានព្រិលធ្លាក់លាយឡំ ឬស្រោបដោយភ្លៀងធ្លាក់ និងការកកស្ទះដោយសារធាតុត្រជាក់។

អាជ្ញាធរបានដាស់តឿនអ្នកស្រុកឱ្យចៀសវាងការធ្វើដំណើរដែលមិនចាំបាច់ និងជំរុញឱ្យមានការប្រុងប្រយ័ត្នខ្ពស់ពេញមួយរយៈពេលនៃព្យុះនេះ។ ការព្រមានពីព្យុះទឹកកក និងការណែនាំអំពីអាកាសធាតុរដូវរងា ក៏ត្រូវបានដាក់ចេញផងដែរ សម្រាប់ភាគច្រើននៃរដ្ឋ Pennsylvania, Massachusetts និង New Jersey៕