នីហ្សេរីយ៉ាថា ការវាយប្រហាររបស់អាមេរិកលើពួក ISIS ក្នុងថ្ងៃបុណ្យណូអែល ត្រូវចំជំរំចំនួនពីរ (Video inside)

27-12-2025 20:59

(Lagos)៖ រដ្ឋាភិបាលនីហ្សេរីយ៉ាបានឱ្យដឹងថា ការវាយប្រហារតាមផ្លូវអាកាសដែលគាំទ្រដោយសហរដ្ឋអាមេរិកនៅក្នុងប្រទេសនីហ្សេរីយ៉ា បានវាយប្រហារចំជំរំដែលជាប់ពាក់ព័ន្ធជាមួយក្រុម ISIS នៅក្នុងព្រៃ Bauni នៃរដ្ឋ Sokoto ដោយផ្តោតលើក្រុមអ្នកប្រយុទ្ធបរទេសដែលជ្រៀតចូលមកពីតំបន់ Sahel។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៧ ខែធ្នូ ឆ្នាំ២០២៥។

ក្រសួងព័ត៌មាននីហ្សេរីយ៉ាប្រកាសថា ការវាយប្រហារដែលធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ ត្រូវបានអនុម័តដោយប្រធានាធិបតី លោក Bola Tinubu ហើយចាប់ផ្តើមចេញពីការប្រមូលផ្តុំព័ត៌មានសម្ងាត់។ គ្រាប់បែកកំណត់គោលដៅជាក់លាក់សរុប ១៦គ្រាប់ ត្រូវបានបាញ់ចេញពីដ្រូន MQ-9 Reaper ដោយជោគជ័យ និងបានកម្ទេចទីតាំងពួក ISIS ដែលប៉ុនប៉ងចូលប្រទេសនីហ្សេរីយ៉ាតាមច្រករបៀង Sahel។

ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់បានចង្អុលបង្ហាញថា ជំរំទាំងនោះត្រូវបានប្រើប្រាស់ដោយពួក ISIS បរទេស ដែលធ្វើការជាមួយសាខាក្នុងស្រុក ដើម្បីរៀបចំផែនការវាយប្រហារទ្រង់ទ្រាយធំនៅក្នុងប្រទេសនីហ្សេរីយ៉ា។ គ្មានសេចក្តីរាយការណ៍អំពីគ្រោះថ្នាក់ដល់ជនស៊ីវិលនោះទេ ទោះបីជាកម្ទេចកម្ទីបានធ្លាក់ក្នុងក្រុងចំនួនពីរនៃរដ្ឋ Sokoto និង Kwara ក៏ដោយ។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ បាននិយាយថា កងកម្លាំងអាមេរិកបានបើកការវាយប្រហារដ៏ខ្លាំងក្លា និងសាហាវប្រឆាំងនឹងពួកសកម្មប្រយុទ្ធ ISIS នៅភាគពាយព្យនៃប្រទេសនីហ្សេរីយ៉ា ប៉ុន្មានសប្ដាហ៍បន្ទាប់ពីលោកបានព្រមានប្រឆាំងនឹងការធ្វើទុក្ខបុកម្នេញជាលក្ខណៈប្រព័ន្ធលើអ្នកកាន់សាសនាគ្រិស្តនៅក្នុងប្រទេសមួយនេះ។