រុស្ស៉ីអះអាងពីការវាយយកបានក្រុងចំនួន២ថែមទៀត នៅភាគខាងកើតអ៊ុយក្រែន (Video inside)
28-12-2025 11:10
(មូស្គូ)៖ កាលពីថ្ងៃសៅរ៍ ទី២៧ ខែធ្នូ រុស្ស៉ីបានអះអាងពីការវាយយកបានក្រុងចំនួន២ថែមទៀត នៅភាគខាងកើតប្រទេសអ៊ុយក្រែន ស្របពេលដែលប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ត្រៀមជួបប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
វិមានក្រឹមឡាំង បាននិយាយថា ក្រុងទាំង២ ដែលកងកម្លាំងរុស្ស៉ីទើបដណ្តើមបាននោះ គឺ Myrnograd ដែលរុស្ស៉ីហៅថា Dimitrov ហើយនិង Guliaipole។ ក្រុង Myrnograd ស្ថិតនៅក្នុងតំបន់ Donetsk ក្បែរក្រុង Pokrovsk ដែលជាមជ្ឈមណ្ឌលភស្តុភារដ៏សំខាន់មួយ ដែលរុស្ស៉ីបានអះអាងថា ខ្លួនយកបានកាលពីថ្ងៃទី១ ខែធ្នូ។ ចំណែកក្រុង Guliaipole ស្ថិតនៅភាគខាងកើតតំបន់ Zaporizhzhia។
គួរបញ្ជាក់ថា ទីក្រុងមូស្គូបានចេញសេចក្តីប្រកាសដូចខាងលើ អំពីភាពរីកចម្រើនថ្មីចុងក្រោយរបស់ខ្លួន នៅសមរភូមិអ៊ុយក្រែន ស្របពេលដែលលោក ហ្សេលេនស្គី នឹងត្រូវជួបជាមួយលោក ត្រាំ នៅសហរដ្ឋអាមេរិក នាថ្ងៃអាទិត្យ (ពេលវេលានៅអាមេរិក) ដើម្បីជជែកពីផែនការរបស់លោកប្រធានាធិបតីអាមេរិក ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ជាពិសេសពាក់ព័ន្ធបញ្ហាទឹកដី៕




