ប្រមុខដឹកនាំ EU ប្តេជ្ញាថា ការគាំទ្រសម្រាប់អ៊ុយក្រែន នឹងមិនថមថយជាដាច់ខាត មុនជំនួបរវាងលោក ហ្សេលេនស្គី និងលោក ត្រាំ
28-12-2025 12:19
(ព្រុចសែល)៖ ប្រមុខដឹកនាំរបស់សហភាពអឺរ៉ុប (EU) លោកស្រី Ursula von der Leyen និងលោក Antonio Costa កាលពីថ្ងៃសៅរ៍ ទី២៧ ខែធ្នូ បានប្តេជ្ញាថា ការគាំទ្ររបស់ EU ចំពោះអ៊ុយក្រែន នឹងមិនថយជាដាច់ខាត មុនប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បើកកិច្ចពិភាក្សាជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅឯសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ប្រមុខ EU ទាំង២រូប បានចូលរួមក្នុងកិច្ចសន្ទនាតាមទូរសព្ទជាមួយ លោក ហ្សេលេនស្គី និងមេដឹកនាំអឺរ៉ុបមួយចំនួនទៀត មុនពេលលោកប្រធានាធិបតីអ៊ុយក្រែន ត្រូវបើកជំនួបពិភាក្សា ជាមួយលោក ត្រាំ នៅរដ្ឋ Florida នាថ្ងៃអាទិត្យ (២៨ ធ្នូ)។ កាលពីថ្ងៃសៅរ៍ លោក ហ្សេលេនស្គី ក៏បានជួបនាយករដ្ឋមន្រ្តីកាណាដា លោក Mark Carney ផងដែរនៅទីក្រុង Halifax នៃប្រទេសកាណាដា។
លោកស្រី von der Leyen ដែលមានតួនាទីជាប្រធានគណៈកម្មការអឺរ៉ុប បានបង្ហោះសារលើបណ្តាញ X យ៉ាងដូច្នេះថា «យើងស្វាគមន៍កិច្ចប្រឹងប្រែងនានា ដែលនាំទៅរកគោលដៅរួមរបស់យើង គឺសន្តិភាពមួយមានយុត្តិធម៌និងឋិតថេរយូរអង្វែង ដែលរក្សានូវអធិបតេយ្យនិងបូរណភាពទឹកដីរបស់អ៊ុយក្រែន ហើយដែលពង្រឹងសន្តិសុខ និងសមត្ថភាពយោធារបស់អ៊ុយក្រែន ដើម្បីជាផ្នែកមួយដ៏សំខាន់នៃសន្តិសុខទ្វីបរបស់យើង»។ លោកស្រីបានបន្តថា «នៅឆ្នាំ២០២៦ គណៈកម្មការអឺរ៉ុប នឹងបន្តការដាក់សម្ពាធលើ វិមានក្រឹមឡាំង (រុស្ស៉ី) រក្សាការគាំទ្រសម្រាប់អ៊ុយក្រែន ហើយធ្វើការយ៉ាងស្វាហាប់ ដើម្បីជ្រោមជ្រែងអ៊ុយក្រែន លើគន្លងផ្លូវឆ្ពោះទៅរកសមាជិកភាព EU»។
រីឯលោក Costa ដែលជាប្រធានក្រុមប្រឹក្សាអឺរ៉ុប តំណាងឱ្យសមាជិកទាំង២៧របស់ EU ក៏បានបង្ហាញជំហរស្រដៀងលោកស្រី von der Leyen ក្នុងការសន្យាបន្តគាំទ្រអ៊ុយក្រែនផងដែរ។ លោក Costa បាននិយាយថា ការគាំទ្ររបស់ EU សម្រាប់អ៊ុយក្រែន នឹងមិនថមថយជាដាច់ខាត ទាំងអំឡុងពេលមានសង្រ្គាម អំឡុងមានសន្តិភាព និងអំឡុងពេលលស្ថាបនាប្រទេសឡើងវិញ។
លោក Costa បានព្រមានថា EU ត្រៀមលក្ខណៈជាស្រេច ដើម្បីដាក់ទណ្ឌកម្មបន្ថែមទៀតលើរុស្ស៉ី ប្រសិនបើចាំបាច់។ ជាចុងក្រោយ ប្រធានក្រុមប្រឹក្សាអឺរ៉ុបរូបនេះ បានបន្ថែមថា អ៊ុយក្រែនដែលរឹងមាំនិងមានវិបុលភាព នៅក្នុង EU គឺជាការធានាសន្តិសុខស្នូលមួយ ហើយ EU នឹងបន្តធ្វើការដើម្បីជួយសម្រេចឱ្យបាន នូវសន្តិភាពដែលរឹងមាំយូរអង្វែង សម្រាប់អ៊ុយក្រែន ក្រោមកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយដៃគូអាមេរិក៕





