លោក ពូទីន ព្រមានថា រុស្ស៉ីនឹងសម្រេចគោលដៅនៅអ៊ុយក្រែន ដោយប្រើកម្លាំងយោធា បើទីក្រុងកៀវមិនចង់បញ្ចប់ជម្លោះដោយសន្តិវិធី

28-12-2025 13:35

(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បាននិយាយថា អ៊ុយក្រែនដូចជាមិនស្ទុះស្ទាចង់បានសន្តិភាពឡើយ ហើយប្រសិនបើ​ទីក្រុងកៀវពិតជាមិនចង់បញ្ចប់ជម្លោះដោយសន្តិវិធីទេនោះ ទីក្រុងមូស្គូនឹងសម្រេចគោលដៅទាំងអស់របស់ខ្លួន ដោយប្រើកម្លាំងយោធា។ នេះបើតាមចេញការផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី២៨ ខែធ្នូ ឆ្នាំ២០២៥។

ការអត្ថាធិប្បាយដូចខាងរបស់លោក ពូទីន កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ ធ្វើឡើងបន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសក្នុងទ្រង់ទ្រាយធំរបស់រុស្ស៉ី ដោយប្រើយន្តហោះដ្រូននិងមីស៉ីល ដែលបានជំរុញឱ្យប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី និយាយថា វាឆ្លុះបញ្ចាំងពី​បំណងចង់បន្តសង្រ្គាមរបស់ទីក្រុងមូស្គូ ខណៈទីក្រុងកៀវគឺជាភាគីដែលចង់បានសន្តិភាព។

គួរបញ្ជាក់ថា លោក ហ្សេលេនស្គី នឹងត្រូវបើកកិច្ចពិភាក្សាជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅរដ្ឋ Florida នាថ្ងៃអាទិត្យ ដើម្បីព្យាយាមស្វែងរកដំណោះស្រាយ សម្រាប់សង្រ្គាមឈ្លានពានដែល លោក ពូទីន បានបង្កឡើងកាលពីជិត៤ឆ្នាំមុន៕