កាណាដា ប្រកាសកញ្ចប់ជំនួយសេដ្ឋកិច្ចថ្មីជិត២ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន (Video inside)

28-12-2025 14:21

(អូតាវ៉ា)៖ កាលពីថ្ងៃសៅរ៍ ទី២៧ ខែធ្នូ កាណាដា បានស្វាគមន៍ការធ្វើទស្សនកិច្ចរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ជាមួយការប្រកាសផ្តល់ជំនួយសេដ្ឋកិច្ចថ្មី ចំនួន២.៥ពាន់លានដុល្លារកាណាដា ឬស្មើនឹង១.៨ពាន់លានដុល្លារអាមេរិក បន្ថែមទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

លោក ហ្សេលេនស្គី ធ្វើដំណើរមកដល់ទីក្រុង Halifax ជាទីដែលរូបលោកបានជួបជាមួយ នាយករដ្ឋមន្រ្តីកាណាដា លោក Mark Carney។ លោក Carney បានប្រកាសកញ្ចប់ជំនួយសេដ្ឋកិច្ចថ្មីខាងលើ មុនពេលមេដឹកនាំទាំងពីរ បើកកិច្ចពិភាក្សាទ្វេភាគី។ ក្រោយកិច្ចពិភាក្សា លោកនាយករដ្ឋមន្រ្តីកាណាដា បានប្រាប់អ្នកសារព័ត៌មានថា ស្ថានភាពឥឡូវនេះ គឺអំណោយផលសម្រាប់ការចុះកិច្ចព្រមព្រៀងសន្តិភាព។

គួរបញ្ជាក់ថា កាលពីដើមខែធ្នូនេះ កាណាដា ក៏ទើបតែបានប្រកាសផ្តល់ជំនួយយោធាថ្មីចំនួន២០០លានដុល្លារ តាមរយៈអង្គការ NATO សម្រាប់អ៊ុយក្រែនផងដែរ។ គិតចាប់តាំងពីសង្រ្គាមរបស់រុស្ស៉ីបានផ្ទុះឡើងមក ប្រទេសកាណាដា បានផ្តល់ជំនួយសរុបជាទឹកប្រាក់​ជិត២២ពាន់លានដុល្លារដល់ទីក្រុងកៀវ ក្នុងនោះជាង១២ពាន់លានដុល្លារ ក្នុងទម្រង់ជាការគាំទ្រហិរញ្ញវត្ថុដោយផ្ទាល់៕