លោក ត្រាំ ថាគ្មានកិច្ចព្រមព្រៀងសម្រាប់សន្តិភាពនៅអ៊ុយក្រែនឡើយ បើពុំមានការឯកភាពពីសហរដ្ឋអាមេរិក (Video inside)
28-12-2025 15:30
(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា កិច្ចព្រមព្រៀងដើម្បីបញ្ចប់សង្រ្គាមរវាងអ៊ុយក្រែននិងរុស្ស៉ី អាចកើតឡើងទៅបាន ទាល់តែមានការយល់ព្រមពីទីក្រុងវ៉ាស៉ីនតោន ខណៈរូបលោកត្រៀមទទួលជួបពិភាក្សាជាមួយ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅរដ្ឋ Florida។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Anadolu នាថ្ងៃអាទិត្យ ទី២៨ ខែធ្នូ ឆ្នាំ២០២៥។
ថ្លែងប្រាប់កាសែតអាមេរិក Politico មុនជំនួបដែលនឹងប្រព្រឹត្តទៅនាថ្ងៃអាទិត្យ (ពេលវេលានៅអាមេរិក) លោក ត្រាំ បាននិយាយថា លោក ហ្សេលេនស្គី មិនអាចមានកិច្ចព្រមព្រៀងណាមួយឡើយ ទាល់តែរូបលោក (លោក ត្រាំ) ផ្តល់ការយល់ព្រម។ ទោះជាបែបនេះក្តី លោក ត្រាំ បានបង្ហាញសុទិដ្ឋិនិយមថា កិច្ចពិភាក្សានឹងទទួលបានលទ្ធផលវិជ្ជមាន។ ទន្ទឹមនឹងនោះ លោក ត្រាំ ក៏បានបង្ហាញសុទិដ្ឋិនិយមដូចគ្នា ចំពោះកិច្ចប្រឹងប្រែងការទូតក្នុងការចរចាជាមួយរុស្ស៉ី ហើយលោករំពឹងថា នឹងនិយាយជាមួយប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ក្នុងពេលឆាប់ៗ។
លោក ហ្សេលេនស្គី បានបញ្ជាក់ថា រូបលោកនឹងជួបលោកប្រធានាធិបតីអាមេរិក នាចុងសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីផែនការសន្តិភាព ដែលលោក ត្រាំ បានផ្តួចផ្តើមឡើង ក្នុងគោលដៅបញ្ចប់សង្រ្គាមឈ្លានពានរបស់រុស្ស៉ី ដែលបានអូសបន្លាយតាំងពីខែកុម្ភៈ ឆ្នាំ២០២២។ បញ្ហាចម្បងៗ ដែលត្រូវបានរំពឹងថា នឹងលើកឡើងក្នុងកិច្ចពិភាក្សានោះ គឺរួមមានការធានាសន្តិសុខ ផែនការសេដ្ឋកិច្ច ព្រមទាំងទឹកដី៕




