ប្រទេសអារ៉ាប់ និងឥស្លាម បដិសេធដាច់អហង្ការចំពោះការទទួលស្គាល់សូម៉ាលីឡែនរបស់អ៊ីស្រាអែល

28-12-2025 19:14

(អាម៉ាន់)៖ ក្រុមរដ្ឋមន្ត្រីការបរទេសមកពីប្រទេសអារ៉ាប់ និងឥស្លាម រួមជាមួយអង្គការសហប្រតិបត្តិការឥស្លាម (OIC) នៅថ្ងៃសៅរ៍នេះ បានប្រកាសបដិសេធយ៉ាងដាច់អហង្ការចំពោះការសម្រេចចិត្តរបស់អ៊ីស្រាអែល ក្នុងការទទួលស្គាល់តំបន់សូម៉ាលីឡែន (Somaliland) ជារដ្ឋឯករាជ្យ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP។

នៅក្នុងសេចក្តីថ្លែងការណ៍រួម ក្រុមរដ្ឋមន្ត្រីបានថ្កោលទោសការប្រកាសរបស់អ៊ីស្រាអែលកាលពីថ្ងៃទី២៦ ធ្នូ ដោយព្រមានថា ចំណាត់ការនេះនឹងបង្ក «ផលវិបាកធ្ងន់ធ្ងរដល់សន្តិភាព និងសន្តិសុខនៅតំបន់ស្នែងអាហ្វ្រិក និងតំបន់សមុទ្រក្រហម»។ ពួកគេបានចាត់ទុកទង្វើនេះថាជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់រដ្ឋ។

ក្រុមប្រទេសទាំងនេះបានព្រមានថា ការទទួលស្គាល់ឯករាជ្យភាពនៃផ្នែកខ្លះនៃរដ្ឋមួយ គឺជាការបង្កើត «គំរូដ៏គ្រោះថ្នាក់»។ ពួកគេបានអះអាងសារជាថ្មីនូវការគាំទ្រពេញទំហឹងចំពោះអធិបតេយ្យភាពរបស់ប្រទេសសូម៉ាលី។

គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍នេះមានការចូលរួមពីប្រទេសជាច្រើនរួមមាន ហ្ស៊កដានី អេហ្ស៊ីប អ៊ីរ៉ង់ តួកគី កាតា និងប៉ាគីស្ថានជាដើម។ ដោយឡែក អារ៉ាប៊ីសាអូឌីតកាលពីថ្ងៃសុក្រ ក៏បានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះឯកភាពជាតិរបស់សូម៉ាលី និងបដិសេធការទទួលស្គាល់នេះផងដែរ៕