លោក ហ្សេលេនស្គី នឹងជួបលោក ត្រាំ នៅរដ្ឋផ្លរីដា ដើម្បីជជែកពីផែនការសន្តិភាព (Video inside)
28-12-2025 20:50
(ផ្លរីដា)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គ្រោងនឹងជួបគ្នានៅរដ្ឋផ្លរីដានៅថ្ងៃអាទិត្យនេះ ដើម្បីបង្កើតផែនការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។ ទោះជាយ៉ាងណា ភាគីទាំងពីរនៅតែមានភាពខុសគ្នាលើបញ្ហាសំខាន់ៗ រួមទាំងបញ្ហាទឹកដីផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
កាលពីថ្ងៃសៅរ៍ រុស្ស៊ីបានវាយប្រហាររដ្ឋធានីកៀវ និងតំបន់ផ្សេងទៀតដោយមីស៊ីល និងដ្រូនរាប់រយគ្រឿង ដែលបណ្តាលឱ្យដាច់ចរន្តអគ្គិសនី និងកម្តៅ។ លោក ហ្សេលេនស្គី បានហៅវាថាជាការឆ្លើយតបរបស់រុស្ស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងសន្តិភាពដែលសម្របសម្រួលដោយអាមេរិក។
លោក ហ្សេលេនស្គី គ្រោងនឹងពិភាក្សាអំពីជោគវាសនានៃតំបន់ដុនបាស និងរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia នៅក្នុងជំនួបនេះ។ ទីក្រុងមូស្គូនៅតែទាមទារឱ្យអ៊ុយក្រែនប្រគល់តំបន់ដុនបាសទាំងមូល សូម្បីតែតំបន់ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ទីក្រុងកៀវក៏ដោយ។
លោក ហ្សេលេនស្គី បានប្រាប់សារព័ត៌មាន Axios ថាលោកសង្ឃឹមថានឹងអាចធ្វើឱ្យសំណើរបស់អាមេរិក ដែលតម្រូវឱ្យកងកម្លាំងអ៊ុយក្រែនដកខ្លួនចេញពីដុនបាស មានភាពធូរស្រាលជាងមុន។ បើមិនដូច្នោះទេ លោកថាផែនការ ២០ចំណុចទាំងមូលគួរតែត្រូវបានដាក់ឱ្យមានការបោះឆ្នោតប្រជាមតិ ប៉ុន្តែរុស្ស៊ីត្រូវយល់ព្រមបទឈប់បាញ់ ៦០ថ្ងៃជាមុនសិន៕




