លោក ដូណាល់ ត្រាំ៖ សហរដ្ឋអាមេរិក និងអ៊ុយក្រែន ខិតកាន់តែជិតទៅរកកិច្ចព្រមព្រៀងសន្តិភាពអ៊ុយក្រែន (Video inside)
29-12-2025 08:57
(PALM BEACH, Florida)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអាទិត្យ ទី២៨ ខែធ្នូថារូបលោក និងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានខិតកាន់តែជិតដល់ការសម្រេចបាននូវកិច្ចព្រមព្រៀងមួយដើម្បីបិទបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ខណៈទទួលស្គាល់ថាជោគវាសនានៃតំបន់ដុនបាសនៅតែជាបញ្ហាដ៏សំខាន់មិនទាន់អាច ត្រូវបានដោះស្រាយបាននៅឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក ត្រាំ និងលោក ហ្សេលេនស្គី បានថ្លែងនៅឯសន្និសីទសារព័ត៌មានរួមគ្នាមួយ បន្ទាប់ពីកិច្ចប្រជុំនៅឯភូមិគ្រឹះ Mar-a-Lago របស់លោក ត្រាំ ក្នុងរដ្ឋ Florida កាលពីរសៀលថ្ងៃអាទិត្យ។ មេដឹកនាំទាំង២ បានរាយការណ៍ពីភាពរីកចម្រើនលើបញ្ហាសំខាន់ចំនួន២ ដែលជាចំណុចខ្ទាស់ធំបំផុតនៅក្នុងកិច្ចចរចាស្វែងរកសន្តិភាព នោះគឺការធានាសន្តិសុខសម្រាប់អ៊ុយក្រែន និងទឹកដីនៃ តំបន់ដុនបាសរបស់អ៊ុយក្រែនដែលរុស្ស៉ីកំពុងព្យាយាមវាយដណ្ដើមកាន់កាប់។
ទាំងលោក ត្រាំ និងលោក ហ្សេលេនស្គីមិនបានផ្ដល់ព័ត៌មានលម្អិតអ្វីទេ ហើយក៏មិនបានបង្ហើបឱ្យដឹងពីកាលបរិច្ឆេទដើម្បីបង្ហើយកិច្ចព្រមព្រៀងសន្តិភាពនោះដែរ បើទោះជាលោក ត្រាំ បាននិយាយថាអ្វីៗនឹងបង្ហាញយ៉ាងច្បាស់នៅប៉ុន្មានសប្ដាហ៍ខាងមុខថាតើកិច្ចចរចាបិទបញ្ចប់សង្រ្គាមនឹងទទួលបានជោគជ័យឬក៏អត់ក៏ដោយ។ លោកក៏បានទទួលស្គាល់ដែរថាមាន បញ្ហាស្មុគស្មាញមួយចំនួនជាពិសេសគឺបញ្ហាទឹកដីដែលនៅមិនទាន់អាចដោះស្រាយបាននៅឡើយ។
គួរបញ្ជាក់ថា តាមលោក ហ្សេលេនស្គី កិច្ចព្រមព្រៀងស្ដីពីការធានាសន្តិសុខសម្រាប់អ៊ុយក្រែនត្រូវបានឈានដល់ តែមិនបានលម្អិតអ្វីនោះទេ ខណៈលោក ត្រាំបាននិយាយដោយប្រយ័ត្នប្រយែង ថាមានការឯកភាព៩៥ភាគរយលើកិច្ចព្រមព្រៀងបែបនេះ ហើយលោកសង្ឃឹមថាបណ្ដាប្រទេសអឺរ៉ុបនឹងចូលរួមចំណែកយ៉ាងធំក្នុងកិច្ចប្រឹងប្រែងជាមួយការគាំទ្រពីសហរដ្ឋអាមេរិក៕






