ចិនប្រកាសធ្វើសមយុទ្ធយោធាជុំវិញកោះតៃវ៉ាន់ ចំពោះមុខភាពតានតឹងជាមួយជប៉ុន
29-12-2025 09:30
(ប៉េកាំង)៖ យោធាចិននៅថ្ងៃចន្ទ ទី២៩ ខែធ្នូ បានដាក់ពង្រាយកងទ័ពជើងគោក កងទ័ពទឹក កងទ័ពអាកាស និងកងកម្លាំងរ៉ុក្កែតនៅជុំវិញកោះតៃវ៉ាន់ ដើម្បីធ្វើសមយុទ្ធយោធាមួយមានឈ្មោះថា «Just Mission 2025» ក្នុងគោលបំណងដើម្បីធ្វើតេស្ដលើការត្រៀមលក្ខណៈប្រយុទ្ធ និងជាការបញ្ជូនសារគំរាមប្រឆាំងនឹងសកម្មភាពឆ្ពោះទៅរកឯករាជ្យភាពរបស់តៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ទីបញ្ជាការភូមិភាគខាងកើតរបស់ចិន នៅក្នុងសេចក្ដីថ្លែងការណ៍មួយដែលមានអមទៅដោយរូបភាពក្រាហ្វិកនៃទីតាំងធ្វើសមយុទ្ធចំនួន៥នៅជុំវិញកោះតៃវ៉ាន់ បានប្រកាសថាការធ្វើសមយុទ្ធយោធាខាងលើនឹងមាន រួមបញ្ចូលទាំងការធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅថ្ងៃអង្គារសប្ដាហ៍នេះ ហើយការរឹតត្បិតសម្រាប់ការធ្វើនាវាចរ និងការហោះហើរនឹងចាប់អនុវត្តរយៈពេល១០ម៉ោង រាប់ចាប់ពីម៉ោង៨៖៣០នាទីព្រឹក។ សមយុទ្ធនេះ នឹងក្លាយជាសមយុទ្ធយោធាទ្រង់ទ្រាយធំទី៦របស់ចិននៅជុំវិញកោះតៃវ៉ាន់ចាប់តាំងពីឆ្នាំ២០២២ ពោលគឺបន្ទាប់ពីអតីតប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី Nancy Pelosi ធ្វើទស្សនកិច្ចទៅកាន់ កោះតៃវ៉ាន់ និងចំពេលចិន និងជប៉ុនកំពុងមានជម្លោះការទូតនឹងគ្នា ក្រោយនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បាននិយាយថាជប៉ុនអាចនឹងធ្វើអន្តរាគមន៍យោធា ប្រសិនបើចិនប្រើកម្លាំង យោធាវាយយកកោះតៃវ៉ាន់។
គួរបញ្ជាក់ថា ខណៈកងទ័ពរំដោះប្រជាជនចិន PLA បានហ្វឹកហាត់ពីរបៀបបិទខ្ទប់កំពង់ផែតៃវ៉ាន់ អំឡុងការធ្វើសមយុទ្ធយោធាកាលពីឆ្នាំមុន ការធ្វើសមយុទ្ធក្នុងសប្ដាហ៍នេះនឹងក្លាយជាលើកដំបូងបំផុតដែល ប៉េកាំងបានប្រកាសជាសាធារណៈថាសមយុទ្ធរបស់ខ្លួននៅជុំវិញកោះតៃវ៉ាន់មានគោលដៅកំញើញទប់ស្កាត់ការធ្វើអន្តរគមន៍យោធាពីកម្លាំងខាងក្រៅ។ សមយុទ្ធនេះទៀតសោតធ្វើឡើងក្រោយសហរដ្ឋអាមេរិក បានប្រកាសពីការលក់អាវុធឱ្យតៃវ៉ាន់ក្នុងទំហំទឹកប្រាក់ ១១.១ពាន់លានដុល្លារ៕




