មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដឹកនាំការធ្វើតេស្ដបាញ់មីស៊ីលគ្រូសរយៈចម្ងាយឆ្ងាយ

29-12-2025 09:42

(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចុះត្រួតពិនិត្យ និងបញ្ជាដោយផ្ទាល់ការបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្ររយៈចម្ងាយឆ្ងាយ កាលពីថ្ងៃអាទិត្យ ទី២៨ ខែធ្នូ ដែលនេះជាការគូសបញ្ជាក់ពី បូរណភាពនៃអំណាចនុយក្លេអ៊ែររបស់ខ្លួន និងការត្រៀមលក្ខណៈវាយបក ក្នុងករណីមានការគំរាមកំហែងសន្តិសុខ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

Reuters ដោយផ្អែកលើការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃចន្ទ ទី២៩ ខែធ្នូ បានឱ្យដឹងថាការធ្វើតេស្ដបាញ់មីស៊ីលខាងលើគឺជាព្រឹត្តិការណ៍ចុងក្រោយបំផុតមួយដែលមានការចូលរួម ដោយផ្ទាល់ពីលោក គីម ជុងអ៊ុន ដើម្បីបង្ហាញពីភាពរីកចម្រើនខាងយោធា និងសេដ្ឋកិច្ចរបស់កូរ៉េខាងជើង នៅមុនសមាជបក្សពលករកូរ៉េដែលត្រូវបានរំពឹងថានឹងធ្វើឡើងនៅដើមឆ្នាំ២០២៦។ តាម KCNA លោក គីម ជុងអ៊ុនក៏បានបង្ហាញពីការពេញចិត្តពេញថ្លើមផងដែរចំពោះការធ្វើតេស្ដមីស៊ីលគ្រូសយុទ្ធសាស្ត្រដែលបានវាយប្រហារកម្ទេចគោលដៅដែលបានកំណត់ទុក។

គួរបញ្ជាក់ថា យោធាកូរ៉េខាងត្បូង នៅថ្ងៃចន្ទនេះបាននិយាយថាខ្លួនចាប់បានសញ្ញាថាកូរ៉េខាងជើងបានធ្វើតេស្ដបាញ់មីស៊ីលគ្រូសជាច្រើននៅម៉ោង ៨ព្រឹក កាលពីថ្ងៃអាទិត្យម្សិលមិញ ចេញពីតំបន់ Sunan ក្បែររដ្ឋធានី ព្យុងយ៉ាង។ ដោយឡែក ក្រុមអ្នកវិភាគកូរ៉េខាងត្បូងវិញបាននិយាយថាការធ្វើតេស្ដបាញ់មីស៊ីលរបស់កូរ៉េខាងជើងកាលពីថ្ងៃអាទិត្យ ទំនងជាការធ្វើតេស្ដលើមីស៊ីលគ្រូសដែលត្រូវបានបច្ចុប្បន្នភាព និងមានសមត្ថភាពអាចបំពាក់ក្បាលគ្រាប់ធម្មតា និងក្បាលគ្រាប់នុយក្លេអ៊ែរ៕