អ៉ីតាលី ចាប់ខ្លួនមនុស្ស ៩នាក់​ សង្ស័យផ្តល់លុយឱ្យក្រុមហាម៉ាសតាមរូបភាពជាអង្គការសប្បុរស (Video inside)

29-12-2025 11:03

(រ៉ូម)៖ មនុស្សចំនួន ៩នាក់ត្រូវបានចាប់ខ្លួនពីបទសង្ស័យផ្តល់ហិរញ្ញប្បទានដល់ក្រុមហាម៉ាស តាមរយៈអង្គការសប្បុរសធម៌មួយដែលមានមូលដ្ឋានក្នុងប្រទេសអ៉ីតាលី នៅក្នុងប្រតិបត្តិការសម្របសម្រួលដោយអង្គភាពប្រឆាំងពួកម៉ាហ្វីយ៉ា និងប្រឆាំងភេរវកម្ម។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៩ ខែធ្នូ ឆ្នាំ ២០២៥។

រដ្ឋអាជ្ញានៅទីក្រុង Genoa ភាគខាងជើងប្រទេសអ៉ីតាលី បានឱ្យដឹងថា ជនសង្ស័យត្រូវបានចោទប្រកាន់ថាជាម្ចាស់ និងបានផ្តល់ហិរញ្ញប្បទានដល់ក្រុមប៉ាឡេស្ទីន ដែលត្រូវបានចាត់ថ្នាក់ជាក្រុមភេរវករដោយអ៉ីស្រាអែល សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។

រដ្ឋអាជ្ញានិយាយថា ជនសង្ស័យបានបង្វិលលុយទៅឱ្យអង្គភាពមួយ ដែលមានទំនាក់ទំនងជាមួយក្រុមហាម៉ាសប្រហែល ៨.២លានដុល្លារ ដែលបានមកពីការរៃអង្គាសក្នុងរយៈពេលពីរឆ្នាំចុងក្រោយសម្រាប់គោលបំណងមនុស្សធម៌។​ ប៉ូលិសរឹបអូសទ្រព្យសម្បត្តិសរុបគិតជាទឹកប្រាក់​ ៩លានដុល្លារ។

គួរបញ្ជាក់ថា អ៉ីតាលី បានចាប់ផ្តើមស៉េីបអង្កេតបន្ទាប់ពីមានប្រតិបត្តិការសាច់ប្រាក់គួរឱ្យសង្ស័យ កត់សម្គាល់ឃេីញតាមរយៈកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរហូឡង់ និងប្រទេសសហភាពអឺរ៉ុបផ្សេងទៀត ដែលសម្របសម្រួលតាមរយៈទីភ្នាក់ងារយុត្តិធម៌សហភាពអឺរ៉ុប Eurojust៕