អ្នកធ្វេីការក្នុងវិស័យឧស្សាកម្មបច្ចេកវិទ្យា កាន់តែច្រេីន ស្នេីសុំប្តូរកន្លែងការងារចេញពីអ៉ីស្រាអែល
29-12-2025 11:46
(ហ៊្សេរុយសាឡិម)៖ យោងតាមរបាយការណ៍មួយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ សំណេីសុំផ្លាស់ប្តូរកន្លែងការងារដោយបុគ្គលិកជនជាតិអ៉ីស្រាអែលជាអ្នកធ្វេីការឱ្យក្រុមហ៊ុនពហុជាតិ មានមូលដ្ឋាននៅក្នុងប្រទេសអ៉ីស្រាអែល គឺមានការកើនឡើងកាលពីឆ្នាំមុន ក្នុងប្រតិកម្មទៅនឹងសង្គ្រាមរយៈពេលពីរឆ្នាំរបស់អ៉ីស្រាអែលប្រឆាំងក្រុមហាម៉ាស។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៩ ខែធ្នូ ឆ្នាំ ២០២៥។
សមាគមឧស្សាហកម្មបច្ចេកវិទ្យាកម្រិតខ្ពស់របស់អ៉ីស្រាអែល IATI រកឃើញថា ៥៣ភាគរយនៃក្រុមហ៊ុន បានរាយការណ៍ពីការកើនឡើងនូវសំណើសុំប្តូរកន្លែងធ្វេីការពីសំណាក់បុគ្គលិកអ៉ីស្រាអែល ដោយកត់សម្គាល់ថានេះគឺជានិន្នាការដែលអាចនឹងប៉ះពាល់ដល់ក្បាលម៉ាស៊ីនច្នៃប្រឌិតក្នុងស្រុក និងការនាំមុខផ្នែកបច្ចេកវិទ្យាអ៉ីស្រាអែល។
របាយការណ៍ប្រចាំឆ្នាំរបស់ IATI ក៏បានលេីកឡេីងដែរថា ក្រុមហ៊ុនពហុជាតិមួយចំនួនកំពុងពិនិត្យមើលការផ្ទេរការវិនិយោគ និងសកម្មភាពទៅកាន់ប្រទេសផ្សេង។ ក្នុងករណីខ្លះ ក្រុមហ៊ុនដែលប្រឈមមុខនឹងការរំខាននៃខ្សែច្រវាក់ផ្គត់ផ្គង់ បានរកឃើញជម្រើសផ្សេងនៅខាងក្រៅប្រទេសអ៉ីស្រាអែល ហើយនៅពេលដែលផលិតផលទាំងនេះបង្ហាញប្រសិទ្ធភាព វាមានហានិភ័យដែលថាសកម្មភាពផលិតនឹងមិនត្រឡប់មកវិញពេញលេញនោះទេ។
របាយការណ៍ពីកិច្ចប្រជុំដែលដឹកនាំដោយនាយកប្រតិបត្តិ IATI និងជាប្រធាន លោក Karin Mayer Rubinstein បានបន្ថែមថា មានការកើនឡើងនៃតម្រូវការផ្លាស់ទីលំនៅក្នុងចំណោមនាយកប្រតិបត្តិជាន់ខ្ពស់ និងក្រុមគ្រួសាររបស់ពួកគេ រួមជាមួយបុគ្គលិកកាន់តែច្រើនដាក់ពាក្យសុំមុខតំណែងធ្វេីការនៅក្រៅប្រទេសអ៉ីស្រាអែល។
គួរបញ្ជាក់ថា វិស័យបច្ចេកវិទ្យារួមចំណែក ២០ភាគរយនៃផលិតផលក្នុងស្រុកសរុប GDP របស់អ៉ីស្រាអែល ក្នុងនោះ ១៥ភាគរយតាមរយៈសកម្មភាពការងារ និងច្រើនជាងពាក់កណ្តាលនៃការនាំចេញរបស់ខ្លួន។ ក្រុមហ៊ុនពហុជាតិរាប់រយនៅអ៉ីស្រាអែល រួមមាន Microsoft, Intel, Nvidia, Amazon, Meta និង Apple៕





