ឥណ្ឌា ត្រូវមកដឹកនាំ BRICS ក្នុងឆ្នាំ២០២៦ ចំពោះមុខបញ្ហាជម្លោះផលប្រយោជន៍ មហិច្ឆតាក្តោបក្តាប់សកល និងសម្ពាធពីអាមេរិក (Video inside)
29-12-2025 14:34
(ញូវដេលី)៖ ឥណ្ឌា គ្រោងចូលកាន់តំណែងជាប្រធានប្តូរវេននៃសមាគមប្រទេស BRICS នាឆ្នាំ ២០២៦ នៅពេលដែលប្លុកនេះបានពង្រីកខ្លួនលេីចំណុចប្រសព្វភូមិសាស្ត្រនយោបាយដ៏រសើប ដោយមួយផ្នែកត្រូវបានសម្គាល់ ដោយផលប្រយោជន៍នៃការប្រកួតប្រជែង ការកើនឡើងនូវមហិច្ឆតាសកល និងសម្ពាធពីទីក្រុងវ៉ាស៉ីនតោន។ នេះបេីយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី២៩ ខែធ្នូ ឆ្នាំ ២០២៥។
ឥណ្ឌា មានបំណងគូសបញ្ជាក់ថាតួនាទីជាប្រធានរបស់ខ្លួន នឹងផ្តល់អាទិភាពដល់លោកខាងត្បូង Global South ខណៈដែលអាចរក្សាបាននូវមូលដ្ឋាននៃការវិវត្តន៍ជុំវិញពិភពលោក។ ឥណ្ឌា នឹងផ្តោតលើលទ្ធផលជាក់ស្តែង សម្រាប់ប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើន ដោយស្វែងរកការបង្ហាញថា BRICS អាចប្រមូលផ្តុំសមាជិក ដែលប្រឈមមុខនឹងបញ្ហារួមគ្នា ទោះបីជាផលប្រយោជន៍ជាតិរបស់ពួកគេខុសគ្នាក៏ដោយ។
ដើមឡើយ BRICS ត្រូវបានបង្កើតឡើងដោយប្រេស៉ីល រុស្ស៉ី ឥណ្ឌា និងចិន ដោយក្រោយមកមានអាហ្រ្វិកខាងត្បូង។ BRICS ត្រូវបានគេមើលឃើញថាជាការប្លុកការទូតដែលរះឡេីងប្រឆាំងអំណាចលោកខាងលិច។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ BRICS បានពង្រីកដល់ប្រទេសដូចជាអេហ្ស៉ីប អេត្យូពី អ៉ីរ៉ង់ អេមីរ៉ាតអារ៉ាប់រួម និងឥណ្ឌូណេស៉ី។ រួមគ្នាទៅ ប្លុកនេះតំណាងឱ្យប្រហែលពាក់កណ្តាលនៃចំនួនប្រជាជនពិភពលោក និងជិត ៤០ភាគរយភាគរយនៃទិន្នផលសេដ្ឋកិច្ចពិភពលោក។
កាលពីខែកក្កដា នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានស្នើឱ្យមានការគិតគូរឡើងវិញលេីនិយមន័យ BRICS ថាជាអក្សរកាត់សម្រាប់ការកសាងភាពធន់ច្នៃប្រឌិតសម្រាប់កិច្ចសហប្រតិបត្តិការ និងនិរន្តរភាព។ ក្រុមអ្នកវិភាគនិយាយថា របៀបវារៈរបស់ឥណ្ឌាអាចជាការបង្កើតយន្តការធានាការវិនិយោគ ដើម្បីដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ ភាពក្រីក្រ ការផ្លាស់ប្តូរផ្នែកថាមពល និងតម្រូវការហេដ្ឋារចនាសម្ព័ន្ធ។ គំនិតផ្តួចផ្តើមនេះមានគោលបំណងបង្កើត រចនាសម្ព័ន្ធហិរញ្ញវត្ថុដែលគ្រប់គ្រងដោយប្រទេស BRICS ជាជាងមហាអំណាចលោកខាងលិច ដោយធ្វេីប្រតិបត្តិការតាមរយៈ New Development Bank ដែលជាធនាគារនៃ BRICS ហៅកាត់ NDB។
ឥណ្ឌា ក៏ចង់យកលំនាំតាម G20 ឆ្នាំ ២០២៣ ដែលខ្លួនធ្វេីជាប្រធានប្តូរវេនផងដែរ ក្រោមការប្រជុំពហុភាគីទៅកាន់ទីក្រុងប្រហែល ៦០នៅទូទាំងប្រទេស។ កិច្ចការទាំងអស់នេះកើតឡើង នៅពេលដែលក្រុមអន្តររដ្ឋាភិបាលកំពុងប្រជែងគ្នាលេចធ្លោ និងត្រួតត្រា៕






