ចិនព្រមានកម្លាំងខាងក្រៅដែលគាំទ្រតៃវ៉ាន់ ក្រោយចាប់ផ្តើមធ្វើសមយុទ្ធបាញ់គ្រាប់ពិត នៅក្បែរដែនកោះនេះ (Video inside)
29-12-2025 15:05
(ប៉េកាំង)៖ នាថ្ងៃចន្ទនេះ ចិនបានចេញសារព្រមានប្រឆាំងអ្វីដែលខ្លួនហៅថា កម្លាំងខាងក្រៅដែលគាំទ្រតៃវ៉ាន់ បន្ទាប់ពីយោធារបស់ខ្លួន បានចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិត នៅក្បែរដែនកោះនេះ ក្នុងការធ្វើលំហាត់យោធាទ្រង់ទ្រាយធំមួយ ដែលនឹងផ្តោតទៅលើការបិទខ្ទប់កំពង់ផែសំខាន់ៗរបស់តៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី២៩ ខែធ្នូ ឆ្នាំ២០២៥។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានលើកឡើងក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា ការប៉ុនប៉ងណាមួយ ដែលមានគោលដៅរារាំងការបង្រួបបង្រួមរបស់ប្រទេសចិន ជាមួយកោះតៃវ៉ាន់ មុខជានឹងបរាជ័យមិនខាន ហើយកម្លាំងខាងក្រៅ ដែលព្យាយាមប្រើប្រាស់តៃវ៉ាន់ ដើម្បីរាំងខ្ទប់ចិន និងបំពាក់អាវុធឱ្យតៃវ៉ាន់ គឺមានតែជំរុញភាពក្រអឺតក្រទមរបស់ចលនាចង់បានឯករាជ្យនៅតៃវ៉ាន់ ព្រមទាំងរុញច្រានច្រកសមុទ្រតៃវ៉ាន់ ឱ្យធ្លាក់ទៅក្នុងស្ថានការណ៍ដ៏អាក្រក់នៃការផ្ទុះសង្រ្គាម»។
នាថ្ងៃចន្ទនេះ យោធាចិនបានដាក់ពង្រាយកងទ័ព នាវាចម្បាំង យន្តហោះចម្បាំង និងកាំភ្លើងធំ សម្រាប់ការធ្វើសមយុទ្ធធំមួយ ហៅថា Justice Mission 2025 ដែលនឹងបន្តដល់ថ្ងៃអង្គារ។ វាគឺជាលំហាត់យោធាទ្រង់ទ្រាយធំលើកទី៦ហើយរបស់ចិន គិតចាប់តាំងពីឆ្នាំ២០២២មក។
គួរបញ្ជាក់ថា ការធ្វើសមយុទ្ធយោធាថ្មីចុងក្រោយបង្អស់នេះ គឺកើតមានឡើង ១១ថ្ងៃបន្ទាប់ពីសហរដ្ឋអាមេរិក ដែលជាអ្នកផ្គត់ផ្គង់អាវុធធំបំផុតរបស់តៃវ៉ាន់ បានប្រកាសគម្រោងលក់សព្វាវុធ ទំហំរហូតដល់១១.១ពាន់លានដុល្លារ សម្រាប់កោះនេះ ជាហេតុនាំឱ្យមានតវ៉ាពីក្រសួងការពារជាតិចិន រួមជាមួយការព្រមានថា យោធាចិននឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីឆ្លើយតប៕







