អតីតតារារ៉េបនេប៉ាល់ នឹងឈរឈ្មោះជានាយករដ្ឋមន្រ្តី សម្រាប់ការបោះឆ្នោតសកលឆ្នាំក្រោយ (Video inside)

29-12-2025 15:41

(កដ្ឋមណ្ឌូ)៖ មេដឹកនាំដ៏មានប្រជាប្រិយពីររូប បានបង្កើតសម្ព័ន្ធភាពមួយនៅមុនការបោះឆ្នោតសកលខែមីនា របស់នេប៉ាល់ ដោយត្រូវប្រកួតប្រជែងជាមួយគណបក្សចាស់ៗ ដែលបានគ្រប់គ្រងនយោបាយរបស់ប្រទេសនេះ អស់រយៈពេលជាង ៣ទសវត្សរ៍មកហើយ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៩ ខែធ្នូ ឆ្នាំ ២០២៥។

ក្រុមមន្ត្រីបក្សនិយាយថា តារារ៉េបដែលបានក្លាយជាអភិបាលក្រុង Kathmandu លោក Balenndra Shah ដែលគេស្គាល់ថា Balen ដែលជាមន្ត្រីជាប់ឆ្នោតដ៏មានប្រជាប្រិយមួយរូប បានចូលរួមជាមួយគណបក្ស Rastriya Swatantra Party (RSP) ឬគណបក្សឯករាជ្យជាតិដឹកនាំដោយអ្នកនយោបាយ ដែលជាអតីតពិធីករទូរទស្សន៍លោក Rabi Lamichhane។ ក្រោមកិច្ចព្រមព្រៀងជាមួយ RSP លោក Balen អាយុ ៣៥ឆ្នាំ ត្រូវធ្វេីជានាយករដ្ឋមន្ត្រី ប្រសិនបើ RSP ឈ្នះការបោះឆ្នោតថ្ងៃទី ៥ ខែមីនា ខណៈលោក Lamichhane អាយុ ៤៨ឆ្នាំ នឹងនៅតែជាប្រធានគណបក្ស។

អ្នកទាំងពីរ ប្តេជ្ញាដោះស្រាយនូវការទាមទារអំឡុងបាតុកម្មដឹកនាំដោយយុវជនប្រឆាំងនឹងអំពើពុករលួយ នៅក្នុងខែកញ្ញា ដែលបណ្តាលឱ្យស្លាប់មនុស្ស ៧៧នាក់ និងនាំឱ្យនាយករដ្ឋមន្រ្តី លោក K.P. Sharma Oli លាលែងពីតំណែង។ តាមអ្នកវិភាគ លោក Bipin Adhikari វាគឺជាភាពឆ្លាតវៃ និងជាយុទ្ធសាស្ត្រមួយរបស់ RSP ដែលជ្រេីសរេីសលោក Balen និងអ្នកគាំទ្រវ័យក្មេងៗរបស់គាត់ចូលទៅក្នុងផ្នែកមួយនៃបក្ស។

គួរបញ្ជាក់ថា គណៈកម្មាធិការរៀបចំការបោះឆ្នោត បានឧ្យដឹងថា ប្រជាជនជិត ១៩លាននាក់ក្នុងចំណោមប្រជាជនសរុប ៣០លាននាក់របស់នេប៉ាល់ គឺមានសិទ្ធិបោះឆ្នោត។ អ្នកបោះឆ្នោតជិតមួយលាននាក់ ដែលភាគច្រើនជាយុវជន ត្រូវបានបន្ថែមក្នុងបញ្ជីក្រោយការតវ៉ា។ លោក Balen ទទួលបានការចាប់អារម្មណ៍ និងបានជួយបង្កើតរដ្ឋាភិបាលបណ្តោះអាសន្ន នៃអតីតប្រធានចៅក្រម លោកស្រី Sushila Karki ដែលនឹងត្រួតពិនិត្យការបោះឆ្នោតនាពេលខាងមុខនេះ៕