លោក ហ្សេលេនស្គី៖ អាមេរិកស្នើផ្តល់ការធានាសន្តិសុខរយៈពេល១៥ឆ្នាំ ប៉ុន្តែទីក្រុងកៀវចង់បានយូរជាងនេះ (Video inside)

29-12-2025 16:21

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានឱ្យដឹងថា សហរដ្ឋអាមេរិក បានស្នើផ្តល់ការធានាសន្តិសុខ «រឹងមាំ» រយៈពេល១៥ឆ្នាំ ដែលអាចពន្យារបន្ថែមបាន ប៉ុន្តែទីក្រុងកៀវចង់បានរយៈពេលយូរជាងនេះទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី២៩ ខែធ្នូ ឆ្នាំ២០២៥។

លោក ហ្សេលេនស្គី និយាយយ៉ាងដូច្នេះថា «ខ្ញុំបានប្រាប់លោក ត្រាំ ថា យើងមានសង្រ្គាមកំពុងកើតឡើងរួចទៅហើយ ដោយវាបានអូសបន្លាយអស់រយៈពេលជិត ១៥ឆ្នាំ។ ហេតុដូច្នេះ ខ្ញុំពិតជាចង់បានការធានាសន្តិសុខឱ្យយូរជាងនេះ។ ខ្ញុំបានប្រាប់លោក ត្រាំ ថា យើងពិតជាចង់ពិចារណាលើលទ្ធភាព នៃរយៈពេល៣០ ៤០ ឬ៥០ឆ្នាំ។ លោកប្រធានាធិបតី (ត្រាំ) បានឆ្លើយតបថា លោកនឹងពិចារណាលើសំណើនេះ»

គួរបញ្ជាក់ថា លោក ហ្សេលេនស្គី បានថ្លែងដូចខាងលើប្រាប់ក្រុមអ្នកសារព័ត៌មាន នាថ្ងៃចន្ទនេះ ពោលគឺមួយថ្ងៃបន្ទាប់ពីរូបលោក បានបើកកិច្ចពិភាក្សា​ជាមួយលោកប្រធានាធិបតីអាមេរិក នៅរដ្ឋ Florida ស្តីពីផែនការដើម្បីបញ្ចប់សង្រ្គាមឈ្លានពានរបស់រុស្ស៉ី នៅអ៊ុយក្រែន៕