ក្រសួងការបរទេសចិន៖ រាល់ទង្វើដែលមានចេតនាអាក្រក់ណាមួយ ដែលបង្កហេតុនិងបំពានខ្សែបន្ទាត់ក្រហមក្នុងបញ្ហាតៃវ៉ាន់នឹងត្រូវតបតយ៉ាងម៉ឺងម៉ាត់ពីសំណាក់ភាគីចិនជាក់ជាមិនខាន
29-12-2025 17:07
(ប៉េកាំង)៖ ចាប់ពីថ្ងៃទី២៩ ខែធ្នូ តទៅ យុទ្ធភូមិភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិននឹងរៀបចំចាត់ចែងសមយុទ្ធឈ្មោះ «បេសកកម្មយុត្តិធម៌ -2025»។ លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទកាសែតជាប្រចាំនាថ្ងៃទី ២៩ ខែធ្នូ ថា សមយុទ្ធពាក់ព័ន្ធរបស់កងទ័ពរំដោះប្រជាជនចិនគឺជាការព្រមានដ៏ម៉ឺងម៉ាត់ចំពោះពួកអបគមន៍និយមដែលប៉ុនប៉ងចង់ឱ្យ «តៃវ៉ាន់ឯករាជ្យ» ដែលព្យាយាម «ពឹងផ្អែកលើសព្វាវុធបរទេសដើម្បីបំបែកបំបាក់ជាតិ» សមយុទ្ធនេះជាប្រតិបត្តិការដ៏ចាំបាច់ដើម្បីគាំពារអធិបតេយ្យភាពនិងបូរណភាពទឹកដីនៃប្រទេសជាតិ។
បញ្ហាតៃវ៉ាន់ជាស្នូលនៃផលប្រយោជន៍ស្នូលរបស់ចិន។ លោក Lin Jian បានថ្លែងថា ឆន្ទៈគាំពារអធិបតេយ្យភាព សន្តិសុខជាតិនិងបូរណភាពទឹកដីរបស់ភាគីចិនគឺមុតមាំមិនងាករេ។ រាល់ទង្វើដែលមានចេតនាអាក្រក់ណាមួយដែលបង្កហេតុនិងរំលោភបំពានខ្សែបន្ទាត់ក្រហមក្នុងបញ្ហាតៃវ៉ាន់ នឹងត្រូវតបតយ៉ាងម៉ឺងម៉ាត់ពីសំណាក់ភាគីចិនជាក់ជាមិនខាន។ រាល់ការប៉ុនប៉ងដ៏អាក្រក់ណាមួយដែលចង់បិទខ្ទប់និងរារាំងមិនឱ្យចិនសម្រេច ការបង្រួបបង្រួមជាតិក៏នឹងត្រូវបរាជ័យជាមិនខាន៕
វិទ្យុមិត្តភាពកម្ពុជាចិន





