លោក ត្រាំ និងលោក នេតាន់យ៉ាហ៊ូ នឹងជួបគ្នានៅផ្លរីដា ដើម្បីពិភាក្សាពីដំណាក់កាលបន្ទាប់នៃផែនការហ្គាហ្សា (Video inside)

29-12-2025 20:17

(ផ្លរីដា)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានគេរំពឹងថានឹងជំរុញឱ្យមានវឌ្ឍនភាពបន្ថែមទៀតលើបទឈប់បាញ់នៅហ្គាហ្សា នៅក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន នេតាន់យ៉ាហ៊ូ នៅថ្ងៃចន្ទនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ជំនួបដែលធ្វើឡើងនៅក្លឹប Mar-a-Lago នឹងពិភាក្សាអំពីការបង្កើតអភិបាលកិច្ចអន្តរកាល និងកងកម្លាំងសន្តិសុខអន្តរជាតិសម្រាប់ហ្គាហ្សា រួមទាំងកង្វល់អំពីក្រុមហេសបូឡា និងអ៊ីរ៉ង់ផងដែរ។

ទោះយ៉ាងណា មន្ត្រីអ៊ីស្រាអែលបានបង្ហើបថា លោក នេតាន់យ៉ាហ៊ូ នឹងទាមទារឱ្យក្រុមហាម៉ាស់ប្រគល់សាកសពចំណាប់ខ្មាំងចុងក្រោយឈ្មោះ Ran Gvili ជាមុនសិន មុននឹងឈានទៅដំណាក់កាលបន្ទាប់ ឬបើកច្រកព្រំដែន Rafah ឡើងវិញ។ គ្រួសាររបស់សពក៏បានរួមដំណើរជាមួយគណៈប្រតិភូដើម្បីជួបមន្ត្រីអាមេរិកផងដែរ។

អ្នកវិភាគមើលឃើញថា លោក នេតាន់យ៉ាហ៊ូ កំពុងស្ថិតក្នុងស្ថានភាពលំបាក ដោយសារការបោះឆ្នោតជាតិនៅខែតុលាខិតជិតមកដល់ ដូច្នេះលោកទំនងជាត្រូវធ្វើការសម្របសម្រួលខ្លះ ដើម្បីចៀសវាងជម្លោះជាមួយលោក ត្រាំ៕