របាយការណ៍៖ ជនអន្តោប្រវេសន៍ជាង ៣,០០០នាក់ស្លាប់ក្នុងឆ្នាំ២០២៥ ពេលព្យាយាមឆ្លងទៅអេស្ប៉ាញ (Video inside)

29-12-2025 21:30

(ម៉ាឌ្រីដ)៖ ក្រុមសិទ្ធិមនុស្ស Caminando Fronteras បានចេញរបាយការណ៍នៅថ្ងៃចន្ទនេះថា ជនអន្តោប្រវេសន៍ជាង ៣,០០០នាក់បានស្លាប់ ឬបាត់ខ្លួនក្នុងឆ្នាំនេះ ពេលព្យាយាមធ្វើដំណើរតាមផ្លូវសមុទ្រទៅកាន់ប្រទេសអេស្ប៉ាញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

របាយការណ៍បានបញ្ជាក់ថា អ្នកស្លាប់ភាគច្រើនក្នុងចំណោម ៣,០៩០នាក់ គឺស្ថិតនៅលើផ្លូវអាត្លង់ទិកពីអាហ្វ្រិកទៅកាន់កោះ Canary ដែលត្រូវបានចាត់ទុកថាជាផ្លូវគ្រោះថ្នាក់បំផុតមួយ។ ក្នុងចំណោមជនរងគ្រោះ មានកុមារចំនួន ៤៣៧នាក់ និងស្ត្រី ១៩២នាក់។

ទោះបីជាតួលេខនេះមានការធ្លាក់ចុះយ៉ាងខ្លាំងពីកំណត់ត្រាក្នុងឆ្នាំ២០២៤ (ដែលមានរហូតដល់ជាង១មុឺននាក់) ក៏ដោយ ក៏ក្រុមនេះបានកត់សម្គាល់ពីការលេចឡើងនូវផ្លូវថ្មីដែលគ្រោះថ្នាក់ជាងមុន ចេញដំណើរពីប្រទេសហ្គីណេ។ លើសពីនេះ ផ្លូវធ្វើដំណើរពីអាល់ហ្សេរីទៅកាន់កោះក្នុងសមុទ្រមេឌីទែរ៉ាណេ ក៏មានការកើនឡើងចំនួនអ្នកស្លាប់ទ្វេដងផងដែរ។

យោងតាមក្រសួងមហាផ្ទៃអេស្ប៉ាញ ចំនួនជនអន្តោប្រវេសន៍ដែលបានទៅដល់អេស្ប៉ាញក្នុងឆ្នាំនេះមានចំនួន ៣៥,៩៣៥នាក់ ដែលថយចុះ ៤០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕