លោក ត្រាំ គំរាមវាយប្រហារជាថ្មីលើអ៉ីរ៉ង់ ជំរុញឱ្យហាម៉ាសរំសាយអាវុធ ក្រោយជួបលោក ណេតាន់យ៉ាហ៊ូ (Video inside)

30-12-2025 08:55

(PALM BEACH, Florida)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ ទី២៩ ខែធ្នូ បានគំរាមថាសហរដ្ឋអាមេរិកអាចនឹងគាំទ្រការវាយប្រហារទ្រង់ទ្រាយធំសាជាថ្មីលើអ៉ីរ៉ង់ ប្រសិនបើទីក្រុងតេហេរ៉ង់ចាប់ផ្ដើមកសាងកម្មវិធីមីស៊ីលបាលិស្ទីគ និងកម្មវិធីអាវុធនុយក្លេអ៊ែរឡើងវិញ ហើយព្រមានក្រុមហាម៉ាសពីផលវិបាកធ្ងន់ធ្ងរក្នុងករណីមិនព្រមានរំសាយអាវុធទេនោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ថ្លែងនៅក្បែរនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បន្ទាប់ពីកិច្ចប្រជុំមួយនៅភូមិគ្រឹះMar-a-Lago របស់លោក ក្នុងរដ្ឋ Florida លោក ត្រាំ បានលើកឡើងថាអ៉ីរ៉ង់ ប្រហែលជាកំពុងព្យាយាមសា្ដរឡើងវិញនូវកម្មវិធីអាវុធរបស់ខ្លួន បន្ទាប់ពីរងការវាយប្រហារដ៏សម្បើមមួយពីសហរដ្ឋអាមេរិកកាលពីខែមិថុនាកន្លងទៅ។ តាមលោក ត្រាំ កិច្ចពិភាក្សារបស់លោក ជាមួយលោក ណេតាន់យ៉ាហ៊ូ បានផ្ដោតជាសំខាន់លើការជំរុញបទឈប់បាញ់ហ្កាហ្សា ដែលលោកជាអ្នកសម្របសម្រួលឡើង ក៏ដូចជាដោះស្រាយក្ដីកង្វល់របស់អ៉ីស្រាអែលពាក់ព័ន្ធនឹងអ៉ីរ៉ង់ និងក្រុមហេសបូឡានៅលីបង់។

ពាក់ព័ន្ធនឹងបទឈប់បាញ់ហ្កាហ្សា លោក ត្រាំ បាននិយាយថាលោកចង់ឱ្យអ៉ីស្រាអែល និងក្រុមហាម៉ាសដំណើរការដំណាក់កាលទី២ នៃបទឈប់បាញ់ហ្កាហ្សា ខណៈភាគីទាំង២ចោទប្រកាន់ គ្នាទៅវិញទៅមកពីការរំលោភបំពានលើបទឈប់បាញ់។

គួរបញ្ជាក់ថា អ៉ីរ៉ង់ដែលបានធ្វើសង្រ្គាម១២ថ្ងៃជាមួយអ៉ីស្រាអែលកាលពីខែមិថុនា បានឱ្យដឹងកាលពីសប្ដាហ៍មុនថាខ្លួនបានដឹកនាំការធ្វើសមយុទ្ធយោធាជាលើកទី២ក្នុងខែធ្នូនេះ។ លោក ណេតាន់យ៉ាហ៊ូវិញកាលពីសប្ដាហ៍មុនក៏បាននិយាយដែរថាអ៉ីស្រាអែលមិនមែនកំពុងស្វែងរកការប្រឈមមុខដាក់គ្នាជាមួយអ៉ីរ៉ង់នោះទេ ប៉ុន្តែលោកថានឹងលើកយកបញ្ហាទាក់ទិននឹងសកម្មភាព របស់អ៉ីរ៉ង់ទៅជជែកជាមួយលោក ត្រាំ៕