ចិនធ្វើសមយុទ្ធយោធាក្នុងថ្ងៃទី២ ផ្តោតលើការហាត់សមបិទខ្ទប់កំពង់ផែសំខាន់ៗរបស់តៃវ៉ាន់ (Video inside)

30-12-2025 10:14

(ប៉េកាំង)៖ ចិន នៅថ្ងៃអង្គារ ទី៣០ ខែធ្នូ បានចាប់ផ្ដើមធ្វើសមយុទ្ធយោធាបាញ់គ្រាប់ពិតក្នុងថ្ងៃទី២ នៅជុំវិញកោះតៃវ៉ាន់ ក្នុងគោលដៅហាត់សមពីរបៀបបិទខ្ទប់កំពង់ផែសំខាន់ៗរបស់តៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

សមយុទ្ធយោធាមានរយៈពេល ២ថ្ងៃ មានឈ្មោះថា «Justice Mission 2025» បានចាប់ផ្ដើមធ្វើឡើងកាលពីថ្ងៃចន្ទម្សិលមិញ និងដែលត្រូវបានតៃវ៉ាន់ថ្កោលទោសថាជាការសម្លុតគំរាមយោធាពីសំណាក់ ទីក្រុងប៉េកាំង។ ចិនបានអះអាងថាតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន និងបានព្រមានជារឿយៗថានឹងប្រើប្រាស់កម្លាំងយោធាដើម្បីបង្រួបបង្រួមជាតិនៅក្នុងករណីចាំបាច់។ សមយុទ្ធយោធាលើកចុងក្រោយ បំផុតនេះដែរធ្វើឡើងក្រោយរដ្ឋបាលលោក ដូណាល់​ ត្រាំ បានអនុម័តការលក់កញ្ចប់អាវុធដ៏ធំថ្មីមួយឱ្យតៃវ៉ាន់ និងចំពេលចិនកំពុងមានភាពតានតឹងជាមួយជប៉ុន បន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បាននិយាយកាលពីខែវិច្ឆិកាថាជប៉ុនអាចនឹងធ្វើអន្តរាគមន៍យោធា ប្រសិនបើចិនបើកការវាយប្រហារណាមួយលើតៃវ៉ាន់។

ទីក្រុងប៉េកាំង កាលពីថ្ងៃចន្ទម្សិលមិញ បានព្រមានថាកម្លាំងខាងក្រៅដែលកំពុងបំពាក់អាវុធឱ្យតៃវ៉ាន់ នឹងជំរុញឱ្យតំបន់ច្រកសមុទ្រតៃវ៉ាន់ធ្លាក់ចូលក្នុងស្ថានការណ៍ដ៏គ្រោះថ្នាក់ដែលខិតជិតទៅរកសង្រ្គាម។ ចិនមិនបាននិយាយចំឈ្មោះថាតើកម្លាំងខាងក្រៅនោះជានរណានោះទេ តែគេដឹងថាចិនចង់សំដៅលើសហរដ្ឋអាមេរិក។ កាលពីថ្ងៃចន្ទផងដែរ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បាននិយាយថាការប៉ុនប៉ងណាមួយដើម្បីបញ្ឈប់ចិនពីការបង្រួបបង្រួមជាមួយតៃវ៉ាន់នឹងទទួលបរាជ័យ។

គួរជម្រាបជូនថា កាលពីថ្ងៃចន្ទ ចិនបានប្រកាសបើកធ្វើសមយុទ្ធបាញ់គ្រាប់ពិតទ្រង់ទ្រាយធំមួយនៅជុំវិញកោះតៃវ៉ាន់។ សមយុទ្ធនេះមានការចូលរួមពីកងទ័ពជើងគោក ជើងទឹក ជើងអាកាស និងកងកម្លាំងរ៉ុក្កែតរបស់ចិន ជាមួយការផ្តោតជាសំខាន់លើការល្បាតត្រៀមលក្ខណៈប្រយុទ្ធទាំងផ្លូវសមុទ្រ និងអាកាស ក៏ដូចជាហាត់សមលើការបិទខ្ទប់កំពង់ផែសំខាន់ៗរបស់តៃវ៉ាន់ ព្រមទាំងកំញើញ និងបញ្ជូនសារព្រមានទៅកាន់អ្នកដែលចង់ឱ្យតៃវ៉ាន់ប្រកាសឯករាជ្យ៕