អ៉ីតាលី បន្តការផ្តល់ជំនួយយោធាសម្រាប់អ៊ុយក្រែន ដល់ឆ្នាំ ២០២៦ (Video inside)

30-12-2025 11:07

(រ៉ូម)៖ បន្ទាប់ពីការជជែកដេញដោលគ្នាអស់ច្រើនសប្តាហ៍ នៅក្នុងរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី លោកស្រី Giorgia Meloni កាលពីថ្ងៃចន្ទសប្តាហ៍នេះ គណៈរដ្ឋមន្រ្តីអ៉ីតាលីបានអនុម័តលើក្រឹត្យមួយ ដែលនឹងបន្តការផ្តល់ជំនួយយោធាសម្រាប់អ៊ុយក្រែន រហូតដល់ឆ្នាំ ២០២៦ ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣០ ខែធ្នូ ឆ្នាំ ២០២៥។

ក្រឹត្យថ្មីនេះ គឺស្រដៀងគ្នាទៅនឹងសេចក្តីព្រាងច្បាប់ ដែលត្រូវបានអនុម័តក្នុងរយៈពេល ៣ឆ្នាំកន្លងមកដែរ ដោយរដ្ឋាភិបាលអ៉ីតាលី នឹងបញ្ជូនយានជំនិះយោធា សម្ភារៈ និងឧបករណ៍ទៅឱ្យអ៊ុយក្រែន។ រដ្ឋមន្ត្រីការបរទេស លោក Antonio Tajani បានគូសបញ្ជាក់ថា «វាជាក្រឹត្យមួយដែលមានតុល្យភាព ដូចក្រឹត្យមុនៗដែរ។ អ៉ីតាលីនឹងបន្តគាំទ្រអ៊ុយក្រែនទាំងផ្នែកយោធា សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងនយោបាយ»។

ប៉ុន្តែ ឧបនាយករដ្ឋមន្ត្រីអ៉ីតាលី លោក Matteo Salvini អះអាង​ថាការបញ្ជូន​ជំនួយ​យោធា​បន្ថែម​ទៅ​អ៊ុយក្រែន ​អាច​ជំរុញ​​មាន​អំពើពុករលួយ​នៅ​ក្នុង​ទីក្រុង​កៀវ ហើយ​នឹង​មិន​ជួយ​បញ្ចប់​សង្គ្រាម​ឡើយ។ ក្រុមអ្នករិះគន់​​ចោទប្រកាន់​លោក​ថា ​បាន​ផ្សព្វផ្សាយ​របៀបវារៈ​របស់​លោក ពូទីន។

គួរបញ្ជាក់ថា គិតចាប់តាំងពីរុស្ស៉ីចូលឈ្លានពានអ៊ុយក្រែន នាខែកុម្ភៈ ឆ្នាំ ២០២២ អ៉ីតាលីបានផ្តល់កញ្ចប់ជំនួយយោធាចំនួន ១២ ទៅកាន់ទីក្រុងកៀវ។ ឧត្តមសេនីយ៍ Luciano Portolano បានប្រាប់កាសែតក្នុងស្រុកថា រហូតមកដល់ពេលនេះ អ៉ីតាលីបានផ្គត់ផ្គង់ដល់អ៊ុយក្រែនសរុបជាង ៣.៥ពាន់លានដុល្លារ៕