រុស្ស៉ីចោទថា អ៊ុយក្រែនបានព្យាយាមវាយប្រហារភូមិគ្រឹះរបស់លោក ពូទីន ប៉ុន្តែទីក្រុងកៀវប្រកែកថាជារឿងមិនពិត (Video inside)
30-12-2025 13:14
(មូស្គូ)៖ កាលពីថ្ងៃចន្ទ ទី២៩ ខែធ្នូ រដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក Sergei Lavrov បាននិយាយថា អ៊ុយក្រែនបានព្យាយាមវាយប្រហារនិវេសនដ្ឋានរបស់លោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន នៅភាគខាងជើងប្រទេសរុស្ស៉ី ហេតុដូច្នេះហើយ ទីក្រុងមូស្គូនឹងពិចារណាឡើងវិញលើគោលជំហរចរចារបស់ខ្លួន។ យ៉ាងណាមិញ ទីក្រុងកៀវបានបដិសេធថា វាគឺជាការភូតកុហក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
រុស្ស៉ីបានអះអាងថា អ៊ុយក្រែនបានវាយប្រហារលើនិវេសនដ្ឋានប្រធានាធិបតីរុស្ស៉ី ដែលស្ថិតក្នុងតំបន់ Novgorod កាលពីវេលាយប់ ដោយប្រើប្រាស់យន្តហោះដ្រូនចម្ងាយឆ្ងាយ ចំនួន៩១គ្រឿង ប៉ុន្តែដ្រូនទាំងនោះត្រូវបានប្រព័ន្ធការពារដែនអាកាសរុស្ស៉ី បាញ់កម្ទេចទាំងអស់ ហើយមិនមានការខូចខាត ឬមនុស្សរងគ្រោះថ្នាក់ទេ។
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានចេញមុខនិយាយថា ការចោទប្រកាន់ខាងលើគឺជារឿងកុហកទាំងស្រុង ហើយលោកបានចោទតបទៅវិញថា ទីក្រុងមូស្គូឯណោះទេ ដែលកំពុងរៀបចំផែនការ ដើម្បីវាយប្រហារអគាររដ្ឋាភិបាលនៅទីក្រុងកៀវ។ លោក ហ្សេលេនស្គី បានបន្ថែមថា ការអះអាងរបស់រុស្ស៉ី គឺជាចេតនាមួយដើម្បីប៉ុនប៉ងបំផ្លាញ កិច្ចប្រឹងប្រែងចរចារកសន្តិភាព។
លោក Lavrov បាននិយាយថា គោលដៅត្រូវបានកំណត់រួចរាល់ សម្រាប់ការវាយប្រហារសងសឹកវិញដោយកម្លាំងយោធារុស្ស៉ី ហើយលោកបានចាត់ទុកថា ការវាយប្រហាររបស់អ៊ុយក្រែន គឺស្មើនឹងអំពើភេរវកម្មរដ្ឋ។ លោករដ្ឋមន្រ្តីការបរទេសរុស្ស៉ី បានកត់សម្គាល់ថា ការវាយប្រហារនោះគឺបានកើតមានឡើង អំឡុងកិច្ចចរចាស្តីពីលទ្ធភាពនៃកិច្ចព្រមព្រៀងសន្តិភាពអ៊ុយក្រែន ហើយខណៈរុស្ស៉ីនឹងមិនចាកចេញពីកិច្ចចរចាក៏ដោយ គោលជំហររបស់ទីក្រុងមូស្គូ នឹងត្រូវត្រួតពិនិត្យឡើងវិញ។
គួរបញ្ជាក់ថា វាមិនទាន់ច្បាស់នៅឡើយទេថា តើលោក ពូទីន បានស្ថិតនៅក្នុងភូមិគ្រឹះ Dolgiye Borody ដែរឬអត់ អំឡុងពេលនោះ ខណៈវាគឺជានិវេសដ្ឋានមួយរបស់មេដឹកនាំរុស្ស៉ី ដែលធ្លាប់ត្រូវបានប្រើប្រាស់ដោយលោក Josef Stalin, លោក Nikita Khrushchev, លោក Boris Yeltsin និងលោក ពូទីន ផ្ទាល់។ កាលពីថ្ងៃចន្ទ លោក ពូទីន បានប្រាប់ឱ្យកងទ័ពរុស្ស៉ី បន្តយុទ្ធនាការដើម្បីវាយយកតំបន់ Zaporizhzhia នៅខាងត្បូងអ៊ុយក្រែនទាំងស្រុង៕




