ដាណឺម៉ាក នឹងទិញយន្តហោះល្បាតរបស់អាមេរិក ទោះមិនចុះសម្រុងគ្នារឿងកោះ Greenland (Video inside)

30-12-2025 14:09

(កូប៉ិកហាក)៖ កាលពីថ្ងៃចន្ទ ទី២៩ ខែធ្នូ សហរដ្ឋអាមេរិក បាននិយាយថា ខ្លួនបានអនុម័តគម្រោងតម្លៃ១.៨ពាន់លានដុល្លារ ស្តីពីការលក់យន្តហោះល្បាតឱ្យទៅប្រទេសដាណឺម៉ាក បើទោះបីជាភាពតានតឹងបានលេចឡើងជាថ្មី ជុំវិញការចង់បានកោះ Greenland ដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ក្រសួងការបរទេសអាមេរិក បានប្រកាសថា ខ្លួនបានផ្តល់ភ្លើងបៃតងចំពោះសំណើរបស់ដាណឺម៉ាក ក្នុងការទិញយន្តហោះល្បាត និងឈ្លបការណ៍ P-8A ពីក្រុមហ៊ុន Boeing ចំនួន៣គ្រឿង។ កាលពីមួយសប្តាហ៍មុន ក្រសួងការបរទេសអាមេរិក ក៏បានអនុម័ត​ផងដែរ ចំពោះគម្រោងដាច់ដោយឡែកមួយទៀត តម្លៃជិត១ពាន់លានដុល្លារ ស្តីពីការលក់មីស៉ីលប្រភេទ air-to-air ឱ្យដាណឺម៉ាក។

គួរបញ្ជាក់ថា ការអនុម័តគម្រោងលក់សព្វាវុធរបស់អាមេរិកឱ្យដាណឺម៉ាកទាំងនេះ គឺចំពេលដែលក្នុងខែធ្នូនេះ លោក ដូណាល់ ត្រាំ បានប្រកាសតែងតាំងអភិបាលរដ្ឋ Louisiana លោក Jeff Landry ជាបេសកជនពិសេសប្រចាំកោះ Greenland ដែលជា​ដែនដីស្វយ័តស្ថិតក្រោមអធិបតេយ្យរបស់ប្រទេសដាណឺម៉ាក។ ភ្លាមៗក្រោយសេចក្តីប្រកាសនោះ លោក Landry បានប្តេជ្ញាថា នឹងប្រឹងប្រែងធ្វើយ៉ាងណាឱ្យដែនកោះតំបន់អាក់ទិកមួយនេះ ក្លាយជាផ្នែកនៃសហរដ្ឋអាមេរិក ខណៈលោក ត្រាំ ផ្ទាល់បានលើកឡើង​ជាថ្មីថា អាមេរិកចាំបាច់ត្រូវតែយក Greenland ឱ្យបាន ដោយសារហេតុផលសន្តិសុខជាតិ៕