ក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត បើកការវាយប្រហារតាមអាកាសលើកំពង់ផែ Mukalla របស់យេម៉ែន
30-12-2025 14:32
(សាណា)៖ ក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត ក្នុងប្រទេសយេម៉ែន បានបើកការវាយប្រហារតាមផ្លូវអាកាស ដោយកំណត់គោលដៅលើកំពង់ផែ Mukalla ដែលខ្លួនចាត់ទុកថាមានទីតាំងគាំទ្រដោយយោធាបរទេស ប៉ុន្មានថ្ងៃបន្ទាប់ពីបានព្រមានក្រុមបំបែកខ្លួនភាគខាងត្បូង ឱ្យឈប់ធ្វើសកម្មភាពវាតទី នៅក្នុងខេត្ត Hadramout។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣០ ខែធ្នូ ឆ្នាំ ២០២៥។
ការវាយប្រហារពីសំណាក់ក្រុមផ្តាច់ខ្លួនភាគខាងត្បូង នាដើមខែនេះ ធ្វើឱ្យក្រុមប្រឹក្សាអន្តរកាលភាគខាងត្បូង ដែលគាំទ្រដោយអេមីរ៉ាត់អារ៉ាប់រួម STC ងើបឡើងប្រឆាំងនឹងកងទ័ពរដ្ឋាភិបាលយេម៉ែន ដែលគាំទ្រដោយអារ៉ាប៊ីសាអូឌីត ជាហេតុធ្វើឱ្យប្រទេសទាំងមូលធ្លាក់ទៅក្នុងជម្លោះគ្រប់កន្លែង។
អ្នកនាំពាក្យក្រុមចម្រុះអារ៉ាប៊ីសាអូឌីតនិយាយថា កប៉ាល់អេមីរ៉ាតអារ៉ាប់រួមពីរគ្រឿង បានចូលចតនៅកំពង់ផែ Mukalla កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដោយគ្មានការអនុញ្ញាត និងបានបិទប្រព័ន្ធតាមដាន ហើយមានផ្ទុកអាវុធ និងយានប្រយុទ្ធច្រើនគ្រឿង ដើម្បីគាំទ្រដល់ក្រុម STC។
តាមការស្នើសុំពីប្រធានក្រុមប្រឹក្សាយេម៉ែន លោកប្រធានាធិបតី Rashad al-Alimi ឱ្យការពារជនស៉ីវិលនៅទីក្រុង Hadramout និង al-Mahra កងកម្លាំងទ័ពអាកាសចម្រុះ បានធ្វើប្រតិបត្តិការយោធាមានកម្រិត កាលពីព្រឹកថ្ងៃអង្គារនេះ ដោយផ្តោតតែលើអាវុធ និងយានដែលគ្មានមនុស្ស។ មិនមានអ្នករងរបួស ឬការខូចខាតក្នុងការវាយប្រហារនៅកំពង់ផែ Mukalla នោះទេ។ ភ្លាមៗក្រសួងការបរទេសអេមីរ៉ាតអារ៉ាប់រួម មិនទាន់ឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយទេ៕







