សហរដ្ឋអាមេរិក នឹងប្រើបទប្បញ្ញត្តិសុខភាពសាធារណៈ ដើម្បីបិទផ្លូវសុំសិទ្ធិជ្រកកោន (Video inside)
30-12-2025 15:44
(វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិក អាចបដិសធសំណើសុំសិទ្ធិជ្រកកោន ដោយហេតុផលសុខភាពសាធារណៈ ក្រោមបទប្បញ្ញត្តិថ្មីចុងក្រោយ ដែលបានព្រាងអំឡុងពេលរាលដាលជំងឺកូវីដ១៩ ក្នុងអាណត្តិដំបូងរបស់ប្រធានាធិបតី ដូណាល់ ត្រាំ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៣០ ខែធ្នូ ឆ្នាំ ២០២៥។
បទប្បញ្ញត្តិដែលនឹងចូលជាធរមាននាថ្ងៃពុធសប្តាហ៍នេះ អនុញ្ញាតឱ្យអាជ្ញាធរអាមេរិករារាំងសិទ្ធិជ្រកកោន ដោយផ្អែកលើការព្រួយបារម្ភអំពីបញ្ហាសុខភាពបន្ទាន់ ដែលបង្កឡើងដោយជំងឺឆ្លង។ ការរឹតបន្តឹងនឹងមិនមានឥទ្ធិពលភ្លាមៗទេ ប៉ុន្តែផ្តល់ឱ្យរដ្ឋបាលលោក ត្រាំ នូវវិធីសាស្រ្តមួយផ្សេងទៀត ដើម្បីបង្វែរអ្នកស្វែងរកសិទ្ធិជ្រកកោន ចេញពីព្រំដែនអាមេរិក-ម៉ិកស៉ិក។
គួរបញ្ជាក់ថា នៅពេលកូវីដ១៩ ចាប់រាលដាលក្នុងឆ្នាំ ២០២០ អំឡុងអាណត្តិដំបូងរបស់លោក ត្រាំ រដ្ឋបាលរបស់លោក បានប្រើច្បាប់សុខាភិបាលរបស់សហរដ្ឋអាមេរិក ដែលគេស្គាល់ថា Title 42 ដើម្បីបញ្ជូនជនចំណាកស្រុកទើបចាប់បានភ្លាមៗ ទៅកាន់ម៉ិកស៉ិកវិញ ដោយលើកឡើងថា វាចាំបាច់ដើម្បីទប់ស្កាត់រីករាលដាលនៃមេរោគ។
បន្ទាប់ពីលោក ត្រាំ ចូលកាន់តំណែងក្នុងខែមករា និងអនុវត្តការហាមឃាត់សិទ្ធិជ្រកកោនយ៉ាងទូលំទូលាយតាមព្រំដែន ចំនួនជនចំណាកស្រុកដែលចាប់បានថាឆ្លងដែនខុសច្បាប់ បានធ្លាក់ចុះដល់កម្រិតទាបបំផុត មិនធ្លាប់មានក្នុងរយៈពេលច្រើនទសវត្សរ៍៕






