Boeing នឹងផលិតយន្តហោះចម្បាំង F-15 ឱ្យអ៉ីស្រាអែល ក្រោមកុងត្រាតម្លៃ ៨.៦ពាន់លានដុល្លារ (Video inside)
30-12-2025 16:14
(វ៉ាស៉ីនតោន)៖ មន្ទីរបញ្ចកោណ បានប្រកាសថាក្រុមហ៊ុន Boeing នឹងទទួលបន្ទុកអនុវត្តកុងត្រាដែលមានទំហំទឹកប្រាក់ ៨.៦ពាន់លានដុល្លារ សម្រាប់កម្មវិធីយន្តហោះចម្បាំង F-15 អ៉ីស្រាអែល បន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បានជួបគ្នាក្នុងរដ្ឋ Florida។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣០ ខែធ្នូ ឆ្នាំ ២០២៥។
មន្ទីរបញ្ចកោណបញ្ជាក់ថា កុងត្រានេះផ្តល់នូវការរចនា គណនាដំណើរការ វាស់ស្ទង់ទិន្នន័យ ធ្វើតេស្ត ផលិត និងចែកចាយយន្តហោះចម្បាំង F-15IA ថ្មីចំនួន ២៥គ្រឿងសម្រាប់កងទ័ពអាកាសអ៉ីស្រាអែល ជាមួយនិងជម្រើសយន្តហោះ F-15IA ចំនួន ២៥គ្រឿងបន្ថែម។ ការអនុវត្តនឹងធ្វើឡើងនៅទីក្រុង St. Louis ហើយត្រូវបានគេរំពឹងថានឹងបញ្ចប់ត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០៣៥។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិក គឺជាអ្នកផ្គត់ផ្គង់អាវុធដ៏ធំបំផុតឱ្យអ៉ីស្រាអែល ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់ខ្លួននៅមជ្ឈិមបូព៌ា៕





