អ៊ុយក្រែនថា រុស្ស៊ីវាយប្រហារកំពង់ផែសមុទ្រខ្មៅរបស់អ៊ុយក្រែន បណ្តាលឱ្យខូចខាតកប៉ាល់ដឹកទំនិញ (Video inside)
30-12-2025 19:55
(កៀវ)៖ រុស្ស៊ីបានបើកការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់អូដេសា (Odesa) របស់អ៊ុយក្រែននៅថ្ងៃអង្គារនេះ ដោយបានធ្វើឱ្យខូចខាតដល់កប៉ាល់ស៊ីវិលមួយគ្រឿង និងបរិក្ខារនានានៅកំពង់ផែសមុទ្រខ្មៅ Pivdennyi និង Chornomorsk។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters ។
ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក អូឡេកស៊ី គូលេបា (Oleksiy Kuleba) បានបញ្ជាក់ថា កប៉ាល់ដោតទង់ជាតិប៉ាណាម៉ាដែលផ្ទុកគ្រាប់ធញ្ញជាតិ និងធុងស្តុកប្រេងជាច្រើនត្រូវបានរងការវាយប្រហារ ហើយមនុស្សម្នាក់បានរងរបួស។ លោកបានថ្លែងថា «នេះគឺជាការវាយប្រហារដោយចេតនាមួយទៀតរបស់រុស្ស៊ី លើហេដ្ឋារចនាសម្ព័ន្ធកំពង់ផែស៊ីវិល...»។ ទោះបីជាយ៉ាងនេះក្តី លោកបានបន្ថែមថា កំពង់ផែទាំងពីរនៅតែបន្តដំណើរការជាធម្មតា។
គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ សង្គ្រាមផ្លូវសមុទ្ររវាងអ៊ុយក្រែន និងរុស្ស៊ីបានកើនឡើងកម្តៅយ៉ាងខ្លាំង ដោយភាគីទាំងពីរបានវាយប្រហារលើទ្រព្យសម្បត្តិផ្លូវទឹករបស់គ្នាទៅវិញទៅមកនៅក្នុងសមុទ្រខ្មៅ៕




