រុស្ស៊ីអំពាវនាវឱ្យមានការអត់ធ្មត់ ក្រោយលោក ត្រាំ ព្រមានវាយប្រហារលើអ៊ីរ៉ង់ (Video inside)

30-12-2025 20:09

(មូស្គូ)៖ វិមានក្រឹមឡាំងនៅថ្ងៃអង្គារនេះ បានជំរុញឱ្យភាគីទាំងអស់រក្សាការអត់ធ្មត់ និងបង្កើនការសន្ទនាជាមួយអ៊ីរ៉ង់ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានថា ទីក្រុងវ៉ាស៊ីនតោននឹងគាំទ្រការវាយប្រហារទ្រង់ទ្រាយធំសារជាថ្មីទៅលើអ៊ីរ៉ង់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

កាលពីថ្ងៃចន្ទ ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន នេតាន់យ៉ាហ៊ូ លោក ត្រាំ បានចោទប្រកាន់ថា ទីក្រុងតេហេរ៉ង់អាចកំពុងលួចស្តារកម្មវិធីអាវុធរបស់ខ្លួនឡើងវិញ បន្ទាប់ពីទទួលរងការវាយប្រហាររបស់អាមេរិកកាលពីខែមិថុនា។

ទោះយ៉ាងណា អ៊ីរ៉ង់បានបដិសេធជានិច្ចថា ខ្លួនមិនមានកម្មវិធីអាវុធនុយក្លេអ៊ែរនោះទេ។
ទីក្រុងមូស្គូ ដែលបានចុះហត្ថលេខាលើសន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រជាមួយអ៊ីរ៉ង់នៅឆ្នាំនេះ និងមានទំនាក់ទំនងកាន់តែជិតស្និទ្ធចាប់តាំងពីសង្គ្រាមអ៊ុយក្រែន បានសង្កត់ធ្ងន់ថា ការសន្ទនាគឺជាផ្លូវតែមួយគត់ដើម្បីដោះស្រាយបញ្ហា និងចៀសវាងការកើនឡើងជម្លោះ៕