ប្រធានាធិបតីសូម៉ាលី នឹងបំពេញទស្សនកិច្ចនៅតួកគី ក្រោយអ៊ីស្រាអែលទទួលស្គាល់សូម៉ាលីឡែន (Video inside)
30-12-2025 20:56
(អង់ការ៉ា)៖ ប្រធានាធិបតីសូម៉ាលី លោក ហាស្សាន់ សេក្ខ ម៉ូហាម៉ាត់ (Hassan Sheikh Mohamud) គ្រោងនឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសតួកគីនៅថ្ងៃអង្គារនេះ ដើម្បីជួបសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់ខ្លួន បន្ទាប់ពីអ៊ីស្រាអែលបានប្រកាសទទួលស្គាល់តំបន់បំបែកខ្លួនសូម៉ាលីឡង់ (Somaliland)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ការិយាល័យប្រធានាធិបតីតួកគីបានបញ្ជាក់ថា ភាគីទាំងពីរនឹងពិភាក្សាអំពី «ស្ថានការណ៍បច្ចុប្បន្ននៅសូម៉ាលីក្នុងការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម វិធានការឆ្ពោះទៅរកឯកភាពជាតិ និងការវិវត្តក្នុងតំបន់»។
កាលពីថ្ងៃសុក្រ តួកគីបានថ្កោលទោសយ៉ាងខ្លាំងចំពោះចំណាត់ការរបស់អ៊ីស្រាអែល ដោយហៅវាថាជា «ការជ្រៀតជ្រែកដោយបើកចំហក្នុងកិច្ចការផ្ទៃក្នុងរបស់សូម៉ាលី»។ ក្នុងនាមជាសម្ព័ន្ធមិត្តជិតស្និទ្ធ តួកគីបានផ្តល់ជំនួយយោធា និងសេដ្ឋកិច្ចយ៉ាងច្រើនដល់សូម៉ាលី រួមទាំងការជួយកសាងកងទ័ព និងហេដ្ឋារចនាសម្ព័ន្ធឡើងវិញ។
គួរបញ្ជាក់ថា សូម៉ាលីឡែនបានប្រកាសឯករាជ្យតាំងពីឆ្នាំ១៩៩១ ប៉ុន្តែមិនត្រូវបានអន្តរជាតិទទួលស្គាល់ឡើយ រហូតទាល់តែមានចំណាត់ការពីអ៊ីស្រាអែលថ្មីៗនេះ ដែលរងការរិះគន់ពីសហភាពអាហ្វ្រិក អេហ្ស៊ីប និងសហភាពអឺរ៉ុប៕




