នាយករដ្ឋមន្រ្តីប៉ូឡូញ បង្ហាញក្តីសង្ឃឹមថា សន្តិភាពនឹងអាចសម្រេចបាននៅអ៊ុយក្រែន ក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខ (Video inside)

31-12-2025 13:23

(វ៉ាសូវី)៖ កាលពីថ្ងៃអង្គារ ទី៣០ ខែធ្នូ នាយករដ្ឋមន្រ្តីនៃប្រទេសប៉ូឡូញ លោក Donald Tusk បាននិយាយថា សន្តិភាពអាចសម្រេចទៅបាននៅអ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ ដោយសារអាមេរិកព្រមផ្តល់ការធានាសន្តិសុខ ប៉ុន្តែភាពជោគជ័យ គឺបន្តស្ថិតឆ្ងាយពីភាពច្បាស់លាស់១០០ភាគរយនៅឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ក្រោយកិច្ចពិភាក្សាជាមួយសម្ព័ន្ធមិត្ត លោក Tusk បានលើកឡើងក្នុងកិច្ចប្រជុំមួយរបស់រដ្ឋាភិបាលប៉ូឡូញ យ៉ាងដូច្នេះថា «សន្តិភាពកំពុងតែ​ខិតមកកៀកហើយ។ ច្បាស់ណាស់ ស្ថានការណ៍វិវត្តមួយចំនួនបានកើតឡើង ដែលផ្តល់ជាមូលដ្ឋានសម្រាប់ក្តីសង្ឃឹមថា​ សង្រ្គាមនឹងអាចបិទបញ្ចប់ទៅវិញ ហើយក្នុងពេលឆាប់រហ័ស ប៉ុន្តែវានៅតែជាក្តីសង្ឃឹមមួយ ស្ថិតឆ្ងាយពីភាពប្រាកដ១០០ភាគរយ»។ លោក Tusk បានបន្តថា «នៅពេលខ្ញុំនិយាយថា សន្តិភាពស្ថិតនៅកៀក គឺខ្ញុំចង់និយាយអំពីប៉ុន្មានសប្តាហ៍ខាងមុខ មិនមែនប៉ុន្មានខែ ឬប៉ុន្មានឆ្នាំទៀតនោះទេ។ នៅក្នុងខែមករា ពួកយើងនឹងត្រូវរួមគ្នាធ្វើការសម្រេចចិត្ត អំពីអនាគតរបស់អ៊ុយក្រែន អំពីអនាគតនៃផ្នែកមួយនេះរបស់ពិភពលោក»

កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ លោក ត្រាំ បាននិយាយថា រូបលោកនិងលោក ហ្សេលេនស្គី ប្រហែលកំពុងខិតកាន់តែជិត​មែនទែន សម្រាប់កិច្ចព្រមព្រៀងដើម្បីបញ្ចប់សង្រ្គាម ប៉ុន្តែបញ្ហាដ៏រសើបបំផុតពាក់ព័ន្ធទឹកដី គឺពុំទាន់អាចមានការឯកភាពគ្នានៅឡើយ។ យ៉ាងណាមិញ លោកប្រធានាធិបតីអាមេរិក បានបន្តថា រូបលោកនិងលោក ហ្សេលេនស្គី គឺមូលមតិគ្នាប្រមាណ៩៥ភាគរយហើយ ជុំវិញបញ្ហានៃការធានាសន្តិសុខ ហើយលោករំពឹងថា ក្រុមប្រទេសអឺរ៉ុបនឹងដើរតួនាទីធំក្នុងកិច្ចប្រឹងប្រែងនេះ ជាមួយការគាំទ្រពីសហរដ្ឋអាមេរិក។

លោក ​Tusk បាននិយាយថា «លទ្ធផលគន្លឹះនៃប៉ុន្មានថ្ងៃមកនេះ គឺការប្រកាសពីឆន្ទៈរបស់អាមេរិក ក្នុងការចូលរួមធានាសន្តិសុខ​របស់អ៊ុយក្រែន បន្ទាប់ពីមានកិច្ចព្រមព្រៀងសន្តិភាព រួមមានទាំងវត្តមានរបស់កងទ័ពអាមេរិក ឧទាហរណ៍នៅខ្សែបន្ទាត់ព្រំដែនរវាង​អ៊ុយក្រែននិងរុស្ស៉ី។ យ៉ាងណាមិញ យើងនឹងចាំមើលថា តើដៃគូយើងនៅឯម្ខាងទៀតនៃមហាសមុទ្រអាត្លង់ទិក (សហរដ្ឋអាមេរិក) នឹងមានជំហរជាក់លាក់កម្រិតណា ប៉ុន្តែប្រការនេះផ្តល់ជាក្តីសង្ឃឹមមួយ សម្រាប់លទ្ធផលជោគជ័យ»

គួរបញ្ជាក់ថា រុស្ស៉ីធ្លាប់បាននិយាយហើយថា ការដាក់ពង្រាយកងទ័ពបរទេសនៅអ៊ុយក្រែន គឺជារឿងមិនអាចទទួលយកបានដាច់ខាត។ កាលពីថ្ងៃអង្គារ ទីក្រុងមូស្គូក៏បានលើកឡើងដែរថា គោលជំហរចរចារបស់ខ្លួន នឹងត្រូវពង្រឹងជាងមុន ក្រោយចោទប្រកាន់ទីក្រុងកៀវថា បានវាយប្រហារលើនិវេសនដ្ឋានប្រធានាធិបតីរុស្ស៉ីមួយកន្លែង នៅតំបន់ Novgorod ប៉ុន្តែទីក្រុងកៀវបានបដិសេធថា ជារឿងកុហក និងជាចេតនាដើម្បីអូសបន្លាយជម្លោះ៕