សភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន ធ្វើពិធីសំណេះសំណាលទទួលឆ្នាំថ្មីឆ្នាំសកល លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ

31-12-2025 17:46

(ប៉េកាំង)៖ ព្រឹកថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៥ សភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន បានធ្វើពិធីសំណេះសំណាលទទួលឆ្នាំថ្មីឆ្នាំសកលនៅប៉េកាំង ។ ថ្នាក់ដឹកនាំបក្សនិងរដ្ឋចិនបានជួបជុំគ្នាយ៉ាងសប្បាយរីករាយ ជាមួយតំណាងនៃគ្រប់មជ្ឈដ្ឋានដូចជា តំណាងមកពីមជ្ឈិមបក្សប្រជាធិបតេយ្យនានា តំណាងអ្នកទទួលខុសត្រូវ នៃសមាគមឧស្សាហកម្មនិងពាណិជ្ជកម្មទូទាំងប្រទេសចិន និងតំណាងឥស្សរជនមិនមែនជាសមាជិកបក្ស ជាដើម ដើម្បីរួមគ្នាអបអរទទួលស្វាគមន៍បុណ្យឆ្នាំថ្មីឆ្នាំសកល ២០២៦។

លោក Xi Jinping អគ្គលេខាធិការនៃគណៈកមា្មធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានថ្លែងសុន្ទរកថាគន្លឹះ។ លោកបានគូសបញ្ជាក់ថា យើងបានធ្វើផែនការគោលរួចហើយ នេះជាពេលតស៊ូឆ្ពោះទៅមុខ។ បក្សទាំងមូល ប្រជាជនគ្រប់ជនជាតិ ត្រូវរួមសាមគ្គីគ្នាឱ្យកាន់តែរឹងមាំ ខិតខំប្រឹងប្រែងដើម្បីកសាងសមិទ្ធផលដ៏អស្ចារ្យ តាមរយៈការច្នៃប្រឌិតថ្មីនាពេលអនាគត ដើម្បីបើកទំព័រថ្មីនៃការកសាងទំនើបកម្មតាមបែបផែនចិន ដោយឥតឈប់ឈរ។

លោក Xi Jinping ក៏បានតាងនាមមជ្ឈិមបក្សកុម្មុយនីស្តចិន ក្រុមប្រឹក្សាកិច្ចការរដ្ឋចិន និងយោធាមជ្ឈិមចិន ថ្លែងអំណរគុណនិងសម្តែងការជូនពរដ៏ល្អបវរ ចំពោះមិត្តអន្តរជាតិគ្រប់ប្រទេសដែលយកចិត្តទុកដាក់ និងគាំទ្រការធ្វើទំនើបកម្មតាមបែបផែនចិន។

តំណាងដែលបានចូលរួមពិធីសំណេះសំណាលនេះបានថ្លែងថា នឹងរួមសាមគ្គីគ្នាកាន់តែរឹងមាំជុំវិញការដឹកនាំ របស់មជ្ឈិមបក្សកុម្មុយនីស្តចិន រួមចំណែកទាំងប្រាជ្ញានិងកម្លាំងកាយ ដើម្បីកសាងប្រទេសកាន់តែខ្លាំងក្លា ជំរុញការស្តារភាពរុងរឿងដ៏អស្ចារ្យរបស់ប្រជាជាតិចិនឡើងវិញ!

វិទ្យុមិត្តភាពកម្ពុជាចិន