មន្ទីរបញ្ចកោណ៖ ក្រុមហ៊ុន Lockheed Martin ទទួលបានកុងត្រាលក់អាវុធទំហំ ៣២៨.៥លានដុល្លារឱ្យតៃវ៉ាន់ (Video inside)

01-01-2026 11:07

(វ៉ាស៊ីនតោន)៖ មន្ទីរបញ្ចកោណកាលពីថ្ងៃពុធ ទី៣១ ខែធ្នូ បានឱ្យដឹងថាក្រុមហ៊ុនផលិតអាវុធអាមេរិក Lockheed Martin ទទួលបានកុងត្រាលក់អាវុធទៅឱ្យកោះតៃវ៉ាន់ ដើម្បីបំពេញនូវអ្វីដែល ទីក្រុងវ៉ាស៊ីនតោនហៅថាតម្រូវការបន្ទាន់នៃប្រតិបត្តិការរបស់កងទ័ពអាកាសតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

មន្ទីរបញ្ចកោណក្នុងសេចក្ដីថ្លែងការណ៍មួយ បានឱ្យដឹងថាកុងត្រាលក់អាវុធឱ្យកោះតៃវ៉ាន់ខាងលើដែលក្រុមហ៊ុន Lockheed Martin ទទួលបាន មានទំហំទឹកប្រាក់ ៣២៨.៥លានដុល្លារ។ សហរដ្ឋអាមេរិក មានទំនាក់ទំនងការទូតផ្លូវការជាមួយចិន តែបន្តរក្សាទំនាក់ទំនងមិនផ្លូវការជាមួយតៃវ៉ាន់ ហើយក៏ជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់បំផុតរបស់តៃវ៉ាន់ផងដែរ។ បន្ថែមពីលើនេះ សហរដ្ឋអាមេរិកត្រូវបានចងភ្ជាប់នឹងច្បាប់មួយដែលតម្រូវឱ្យផ្ដល់ការគាំទ្រដល់តៃវ៉ាន់នូវមធ្យោបាយការពារខ្លួន តួយ៉ាងតាមរយៈការលក់អាវុធដែលជារឿយៗតែងតែធ្វើឱ្យចិនខឹងសម្បារ។

តៃវ៉ាន់កាលពីថ្ងៃពុធនៅតែបន្តការប្រុងជើងការកម្រិតខ្ពស់ បន្ទាប់ពីចិនធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំមួយនៅជុំវិញកោះតៃវ៉ាន់។ ការធ្វើសមយុទ្ធយោធាថ្មីចុងក្រោយបង្អស់នេះរបស់ចិនផងដែរ កើតមានឡើងបន្ទាប់ពីសហរដ្ឋអាមេរិក ដែលជាអ្នកផ្គត់ផ្គង់អាវុធធំបំផុតរបស់តៃវ៉ាន់បានប្រកាសគម្រោងលក់សព្វាវុធ ទំហំរហូតដល់១១.‌១ពាន់លានដុល្លារសម្រាប់ដែនកោះមួយនេះ ជាហេតុនាំឱ្យ មានតវ៉ាពីក្រសួងការពារជាតិចិន រួមជាមួយការព្រមានថាយោធាចិននឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីឆ្លើយតប៕