សហរដ្ឋអាមេរិក រកឃើញថាអ៊ុយក្រែនមិនបានកំណត់គោលដៅលើលោក ពូទីន ក្នុងការវាយប្រហារដោយដ្រូននោះទេ (Video inside)
01-01-2026 14:37
(Reuters)៖ ក្រុមមន្ត្រីសន្តិសុខអាមេរិកបានរកឃើញថាអ៊ុយក្រែនមិនបានកំណត់គោលដៅលើប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ឬក៏ភូមិគ្រឹះរបស់លោកនៅក្នុងការវាយប្រហារដោយយន្ដហោះដ្រូន កាលពីពេលថ្មីៗនេះនោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ទីភ្នាក់ងារសារព័ត៌មាន Reuters ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើការចេញផ្សាយដោយកាសែតអាមេរិក Wall Street Journal។ កាលពីថ្ងៃចន្ទ ទី២៩ ខែធ្នូ រដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក Sergei Lavrov បាននិយាយថាអ៊ុយក្រែនបានព្យាយាមវាយប្រហារនិវេសនដ្ឋានរបស់លោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន នៅភាគខាងជើងប្រទេសរុស្ស៉ី ហេតុដូច្នេះហើយទីក្រុងមូស្គូ នឹងពិចារណាឡើងវិញលើគោលជំហរចរចារបស់ខ្លួន។ យ៉ាងណាមិញ ទីក្រុងកៀវបានបដិសេធថា វាគឺជាការភូតកុហក ខណៈអឺរ៉ុបក៏បានបដិសេធការអះអាងរបស់រុស្ស៉ីផងដែរ។
រុស្ស៉ីបានអះអាងថា អ៊ុយក្រែនបានវាយប្រហារលើនិវេសនដ្ឋានប្រធានាធិបតីរុស្ស៉ី ដែលស្ថិតក្នុងតំបន់ Novgorod កាលពីវេលាយប់ ដោយប្រើប្រាស់យន្តហោះដ្រូនចម្ងាយឆ្ងាយ ចំនួន៩១គ្រឿង ប៉ុន្តែដ្រូនទាំងនោះត្រូវបានប្រព័ន្ធការពារដែនអាកាសរុស្ស៉ី បាញ់កម្ទេចទាំងអស់ ហើយមិនមានការខូចខាត ឬមនុស្សរងគ្រោះថ្នាក់ទេ។
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានចេញមុខនិយាយថា ការចោទប្រកាន់ខាងលើគឺជារឿងកុហកទាំងស្រុង ហើយលោកបានចោទតបទៅវិញថា ទីក្រុងមូស្គូឯណោះទេ ដែលកំពុងរៀបចំផែនការដើម្បីវាយប្រហារអគាររដ្ឋាភិបាលនៅទីក្រុងកៀវ។ លោក ហ្សេលេនស្គី បានបន្ថែមថា ការអះអាងរបស់រុស្ស៉ី គឺជាចេតនាមួយដើម្បីប៉ុនប៉ងបំផ្លាញ កិច្ចប្រឹងប្រែងចរចារកសន្តិភាព៕






