លោក ដូណាល់ ត្រាំ ប្រកាសពីការដកកងទ័ពឆ្មាំជាតិចេញពីទីក្រុង Chicago Los Angeles និង Portland
01-01-2026 17:03
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ ទី៣១ ខែធ្នូ បាននិយាយថារដ្ឋបាលរបស់លោកបាន និងកំពុងដកកងទ័ពឆ្មាំជាតិចេញពីទីក្រុង Chicago Los Angeles និងទីក្រុង Portland ប៉ុន្តែលោកបានបន្ថែមក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមថាកងកម្លាំងសហព័ន្ធអាចនឹងត្រូវបានដាក់ពង្រាយឡើងវិញ ប្រសិនបើអត្រាបទល្មើសឧក្រិដ្ឋកម្មកើនឡើងវិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
បណ្ដាមេដឹកនាំមូលដ្ឋាននៅតាមទីក្រុងខាងលើ និងក្រុមអ្នកប្រជាធិបតេយ្យបាននិយាយថាការដាក់ពង្រាយកងទ័ពឆ្មាំជាតិគឺជាវិធានការមិនចាំបាច់ ហើយពួកគេបានចោទប្រកាន់រដ្ឋបាលលោក ត្រាំ បានបញ្ចេញ ប្រតិកម្មខ្លាំងហួសហេតុពេក និងនិយាយបំប៉ោងពីអំពើហិង្សាដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវនៃការដាក់ពង្រាយកងទ័ព។ យ៉ាងណាក៏ដោយ លោក ត្រាំ បាននិយាយថាការដាក់ពង្រាយកងទ័ពឆ្មាំជាតិក្នុងទីក្រុង Los Angeles, Chicago, Washington, D.C. Memphis និងទីក្រុង Portland គឺជារឿងចាំបាច់ដើម្បីបង្រ្កាបបទឧក្រិដ្ឋកម្ម និងការពារទ្រព្យសម្បត្តិសហព័ន្ធ ព្រមទាំងបុគ្គលិកពីក្រុមបាតុករ។
តាមលោក ត្រាំ ការដកកងទ័ពឆ្មាំជាតិចេញពីទីក្រុង Chicago Los Angeles និងទីក្រុង Portland ធ្វើឡើងក្រោយបទឧក្រិដ្ឋកម្មបានធ្លាក់ចុះ។ តែលោកបានបញ្ជាក់ថាការដាក់ពង្រាយកងទ័ពអាចនឹងត្រូវ ធ្វើឡើងវិញ ប្រសិនបើឧក្រិដ្ឋកម្មកើនឡើង៕







