វ៉េណេស៊ុយអេឡា ប្រកាសដោះលែងអ្នកទោសក្រោយបោះឆ្នោត ចំនួន ៨៨នាក់ទៀត

02-01-2026 11:52

(អង់ការ៉ា)៖ វ៉េណេស៊ុយអេឡា បានដោះលែងមនុស្សចំនួន ៨៨នាក់ ដែលជាអ្នកទោសដោយសារបាតុកម្មក្រោយបោះឆ្នោតឆ្នាំ ២០២៤ ដែលជាការដោះលែងជាលើកទីពីរក្នុងរយៈពេលប៉ុន្មានសប្តាហ៍ ចំពេលមានសម្ពាធរបស់សហរដ្ឋអាមេរិកលើរដ្ឋាភិបាលប្រធានាធិបតី លោក Nicolas Maduro។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២ ខែមករា ឆ្នាំ ២០២៦។

អ្នកទោសទាំង ៨៨​​នាក់ ត្រូវបានដោះលែងនាថ្ងៃបុណ្យឆ្លងឆ្នាំសកល បន្ទាប់ពីរដ្ឋាភិបាលវ៉េណេស៊ុយអេឡា ប្រកាសពីការដោះលែងមនុស្ស ៩៩នាក់ កាលពីថ្ងៃទី២៦ ខែធ្នូ។ រដ្ឋាភិបាលវ៉េណេស៊ុយអេឡាបញ្ជាក់ថា «ការដោះលែងនេះ គឺជាផ្នែកមួយនៃដំណើរការពិនិត្យយ៉ាងទូលំទូលាយ ទៅលើសំណុំរឿងដែលបញ្ជាដោយលោកប្រធានាធិបតី Maduro»

The Committee for the Freedom of Political Prisoners ដែលជាអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកមួយ បានឱ្យដឹងថា ខ្លួនបានផ្ទៀងផ្ទាត់ថា អ្នកទោសយ៉ាងតិច ៥៥នាក់ត្រូវបានដោះលែងហើយ ពីពន្ធនាគារ Tocoron ភាគកណ្តាលវ៉េណេស៊ុយអេឡា ប៉ុន្តែនៅសល់ម្នាក់ទៀត។ បន្ទាប់​ពី​ការ​ប្រកាស​ថ្ងៃ​ទី​២៦ ខែ​ធ្នូ អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​បាន​ចោទ​សួរ​ថា តើ​រដ្ឋាភិបាលវ៉េណេស៊ុយអេឡា​បានដោះលែងអ្នកទោស ក្នុងចំនួនដូច​ដែល​ខ្លួន​បាន​លើក​ឡើងទេ ដោយពួកគេប៉ាន់ប្រមាណថា អ្នកទោសនយោបាយប្រហែល ៩០០នាក់នៅតែស្ថិតក្រោមការឃុំខ្លួន រួមទាំងអ្នកដែលត្រូវបានចាប់ខ្លួនមុនការបោះឆ្នោតផងដែរ។

រដ្ឋាភិបាលវ៉េណេស៊ុយអេឡា បានបដិសេធថា មិនមានអ្នកទោសនយោបាយណាត្រូវបានឃុំខ្លួននោះទេ ប៉ុន្តែការជាប់ឃុំគឺដោយសារតែអ្នកទាំងនោះ ចង់ធ្វើឱ្យប្រទេសមានអស្ថិរភាព៕