អ៉ីស្រាអែលបញ្ជាក់ថា អង្គការ NGO សរុបចំនួន៣៧ ត្រូវបានហាមឃាត់លែងឱ្យធ្វើប្រតិបត្តិការ នៅតំបន់ហ្កាហ្សា (Video inside)

02-01-2026 13:52

(ហ៊្សេរុយសាឡិម)៖ កាលពីថ្ងៃព្រហស្បតិ៍ ទី១ ខែមករា អ៉ីស្រាអែលបានបញ្ជាក់ថា អង្គការ NGO អន្តរជាតិសរុបចំនួន៣៧ នៅក្នុងតំបន់ Gaza មិនបានអនុវត្តឱ្យស្របតាម ការកំណត់ស្តង់ដាសន្តិសុខនិងតម្លាភាព ដូច្នេះហើយ ​ខ្លួននឹងដាក់បម្រាមហាមឃាត់លើសកម្មភាពរបស់ពួកគេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ក្រុមអង្គការ NGO ខាងលើ ឥឡូវនេះនឹងតម្រូវឱ្យបញ្ឈប់ប្រតិបត្តិការរបស់ពួកគេ នៅត្រឹមថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦។ អង្គការសហប្រជាជាតិ (UN) បានព្រមានថា វានឹងធ្វើឱ្យវិបត្តិមនុស្សធម៌នៅក្នុងដែនដីប៉ាឡេស្ទីន ដែលត្រូវបានហែកហួរដោយសង្រ្គាមមួយនេះ គឺកាន់តែអាក្រក់ខ្លាំង​ថែមទៀត។

អ៉ីស្រាអែលបាននិយាយថា គោលការណ៍ថ្មីរបស់ពួកគេ មានគោលដៅរារាំងកុំឱ្យស្ថាប័ននានា ដែលខ្លួនចោទប្រកាន់ពីបទគាំទ្រ​អំពើភេរវកម្ម អាចធ្វើប្រតិបត្តិការនៅក្នុងតំបន់ Gaza។ បើតាមអ៉ីស្រាអែល អង្គការ NGO ទាំង៣៧ ត្រូវបានជូនដំណឹងជាផ្លូវការថា អាជ្ញាបណ្ណរបស់ពួកគេ ត្រូវបានដកហូតគិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ហើយពួកគេចាំបាច់ត្រូវបញ្ឈប់សកម្មភាពទាំងស្រុង នៅត្រឹមថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦។

អង្គការ NGO មួយចំនួន កន្លងមកបាននិយាយថា ការទាមទាររបស់អ៉ីស្រាអែល គឺផ្ទុយពីច្បាប់មនុស្សធម៌អន្តរជាតិ និងប៉ះពាល់​ចំពោះគោលការណ៍ឯករាជ្យរបស់ពួកគេ។ ទន្ទឹមគ្នា រដ្ឋាភិបាលអ៉ីស្រាអែល ក៏បានរងការរិះគន់ពីអន្តរជាតិផងដែរ។

គួរបញ្ជាក់ថា កាលពីខែមីនា ឆ្នាំ២០២៥ អ៉ីស្រាអែលបានសម្រេចទុករយៈពេល១០ខែ ឱ្យអង្គការ NGO នានា អនុវត្តតាមច្បាប់ថ្មីរបស់ខ្លួន ដែលទាមទារនូវការបញ្ចេញទាំងស្រុង នៃព័ត៌មានបុគ្គលិក ប្រភពមូលនិធិ និងរចនាសម្ព័ន្ធប្រតិបត្តិការ។ រយៈពេលនោះ បានផុតកំណត់កាលពីថ្ងៃពុធសប្តាហ៍នេះ៕