ក្រុមឃ្លាំមើលសិទ្ធិមនុស្ស៖ អ៉ីរ៉ង់បានប្រហារជីវិតមនុស្សយ៉ាងហោច១៥០០នាក់ កាលពីក្នុងឆ្នាំ២០២៥ (Video inside)

02-01-2026 14:21

(អូស្លូ)៖ ក្រុមឃ្លាំមើលសិទ្ធិមនុស្សអ៉ីរ៉ង់ (IHR) ដែលមានមូលដ្ឋាននៅប្រទេសន័រវែស កាលពីថ្ងៃព្រហស្បតិ៍ ទី១ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា ប្រទេសអ៉ីរ៉ង់បានប្រហារជីវិតមនុស្សសរុបយ៉ាងហោច ១៥០០នាក់កាលពីក្នុងឆ្នាំ២០២៥ ដែលជាការកើនឡើងខ្ពស់មិនធ្លាប់មាន ក្នុងការប្រើប្រាស់ទោសប្រហារជីវិត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

លោក Mahmood Amiry-Moghaddam ដែលជានាយករបស់ក្រុមឃ្លាំមើលខាងលើ បាននិយាយថា វាគឺជាចំនួនមិនធ្លាប់មានទេ គិតក្នុងរយៈពេល៣៥ឆ្នាំចុងក្រោយ ពោលគឺតាំងពីអង្គការនេះមានវត្តមានមក ពួកគេមិនដែលឃើញតួលេខខ្ពស់យ៉ាងដូច្នេះឡើយ។ យោងតាម IHR កាលពីក្នុងឆ្នាំ២០២៤ អ៉ីរ៉ង់បានប្រហារជីវិតមនុស្សយ៉ាងហោច៩៧៥នាក់។

លោក Amiry-Moghaddam បានបន្តថា ប្រមាណជាពាក់កណ្តាលនៃចំនួនខាងលើ គឺជាង៧០០នាក់ គឺត្រូវបានប្រហារជីវិតពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។ តួលេខនៃការប្រហារជីវិត បានកើនឡើងយ៉ាងគំហុកនៅអ៉ីរ៉ង់ ចាប់តាំងពីបាតុកម្មដ៏កក្រើក ដែលបានផ្ទុះឡើងកាលពីខែកញ្ញា ឆ្នាំ២០២២។ ចំនួននោះបានកើនពីជាង៥០០នាក់ ក្នុងឆ្នាំ២០២២ មកជាង៨០០នាក់ នៅឆ្នាំ២០២៣ និង៩៧៥នាក់នៅឆ្នាំ២០២៤ ហើយយ៉ាងហោច​១៥០០នាក់ កាលពីក្នុងឆ្នាំមុន។

គួរបញ្ជាក់ថា ប៉ុន្មានថ្ងៃចុងក្រោយមកនេះ ក៏មានការធ្វើបាតុកម្មថ្មី នៅប្រទេសអ៉ីរ៉ង់ផងដែរ ហើយបណ្តាលឱ្យមានមនុស្សមួយចំនួន​បាត់បង់ជីវិត និងរាប់សិបនាក់ត្រូវបានចាប់ខ្លួន ខណៈវាផ្តើមឡើងស្របពេលជីវភាពប្រជាជន បានរងការលំបាកដោយសារស្ថានភាពសេដ្ឋកិច្ច ក៏ប៉ុន្តែបើប្រៀបធៀបជាមួយបាតុកម្មកាលពីឆ្នាំ២០២២ គឺវាមិនមានទំហំធំខ្លាំងនោះទេ៕