លោក ដូណាល់ ត្រាំ ពន្យារពេលយកពន្ធខ្ពស់លើគ្រឿងសង្ហារិម រយៈពេល ១ឆ្នាំ (Video inside)

02-01-2026 15:02

(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចពន្យារពេល ១ឆ្នាំ លើការយកពន្ធខ្ពស់លើគ្រឿងសង្ហារិមនាំចូលមួយចំនួន ដែលដំបូងឡើយត្រូវចូលជាធរមាននាថ្ងៃទី១ ខែមករា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២ ខែមករា ឆ្នាំ ២០២៦។

ស្របពេលពលរដ្ឋអាមេរិក កំពុងបារម្ភពីការកើនឡើងថ្លៃចំណាយ លោក ត្រាំ ពន្យារពេលយកពន្ធ ៣០ភាគរយលើសាឡុង និង ៥០ភាគរយលើទូផ្ទះបាយ និងរបស់ប្រើប្រាស់រហូតដល់ថ្ងៃទី១ ខែមករា ឆ្នាំ ២០២៧។ សេចក្តីថ្លែងការណ៍របស់សេតវិមាន គូសបញ្ជាក់ថា «ដោយសារការចរចាទាក់ទងនឹងការនាំចូល ផលិតផលគ្រឿងសង្ហារិមធ្វើពីឈើ មានភាពរីកចម្រើន លោកប្រធានាធិបតីកំពុងពន្យារពេលដំឡើងពន្ធ ដើម្បីអនុញ្ញាតឱ្យមានការចរចាបន្ថែម ជាមួយប្រទេសដទៃទៀត»

គួរបញ្ជាក់ថា ការដំឡើងពន្ធត្រូវបានលោក ត្រាំ ចាត់ទុកថាជាកាតព្វកិច្ច គិតចាប់តាំងពីវិលមកកាន់សេតវិមានវិញ។ លោក ត្រាំ ប្រើប្រាស់ពន្ធគយជាមធ្យោបាយមួយ ក្នុងការជំរុញឧស្សាហកម្មអាមេរិក និងជាផ្នែកមួយនៃការពារសន្តិសុខជាតិ៕