GDP នៅសិង្ហបុរី មានកំណើនខ្លាំងកាលពីឆ្នាំ២០២៥ ជំរុញដោយវិស័យ AI (Video inside)

02-01-2026 16:30

(សិង្ហបុរី)៖ សេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរី បានកើនឡើងដល់ ៥.៧ភាគរយនៅក្នុងត្រីមាសទី ៤នៃឆ្នាំ ២០២៥ បើប្រៀបធៀបនឹងឆ្នាំ ២០២៤ ជំរុញឱ្យផលិតផលក្នុងសរុប GDP ពេញមួយឆ្នាំឡើងដល់កម្រិតខ្លាំងបំផុតមិនធ្លាប់មាន គិតចាប់តាំងពីឆ្នាំ ២០២១ ដែលគាំទ្រដោយការកើនឡើងដ៏រឹងមាំនៃវិស័យផលិតកម្ម និងការលូតលាស់ជាសកលសម្រាប់ផលិតផល ដែលទាក់ទងនឹងបច្ចេកវិទ្យា AI។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២ ខែមករា ឆ្នាំ ២០២៦។

ក្រសួងពាណិជ្ជកម្មសិង្ហបុរី បានឱ្យដឹងថា កំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ ២០២៥ បានចូលដល់ក្នុងកម្រិត ៤.៨ភាគរយ មុនពេលការព្យាករណ៍នាខែវិច្ឆិកា ដែលថាមានត្រឹមតែប្រហែល ៤ភាគរយ។ កំណើននេះបានមកពីទិន្នផលខ្ពស់ នៅក្នុងចង្កោមផលិតកម្មជីវវេជ្ជសាស្ត្រ និងគ្រឿងអេឡិចត្រូនិក ខណៈវិស័យបច្ចេកវិទ្យាជំរុញដោយតម្រូវការថេរ សម្រាប់ឧបករណ៍អេឡិចត្រូនិក ដែលទាក់ទងនឹង AI ម៉ាស៉ីនមេ និងគ្រឿងបន្លាស់របស់វា។

យោងតាមការប៉ាន់ប្រមាណទុកមុនពីក្រសួងពាណិជ្ជកម្ម ដែលកែតម្រូវតាមរដូវកាលប្រចាំត្រីមាស ក្នុងមួយត្រីមាស GDP បានកើនឡើង ១.៩ភាគរយពីត្រីមាសទី ៣។ ទិន្នន័យដែលបានចេញផ្សាយនៅថ្ងៃសុក្រនេះ មិនទាន់រាប់បញ្ចូលការព្យាករឆ្នាំ ២០២៦ទេ ដោយក្រសួងព្យាករណ៍ពីថា GDP នៅឆ្នាំនេះនឹងមានកំណើនពី ១ភាគរយ ទៅ៣ភាគរយ៕