លោក ត្រាំ ថាសហរដ្ឋអាមេរិកត្រៀមខ្លួនជាស្រេច ដើម្បីធ្វើអន្តរាគមន៍ ប្រសិនបើអ៉ីរ៉ង់សម្លាប់បាតុករ
02-01-2026 17:17
(វ៉ាស៉ីនតោន)៖ នាថ្ងៃសុក្រនេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា សហរដ្ឋអាមេរិកត្រៀមលក្ខណៈរួចជាស្រេច ដើម្បីឆ្លើយតប ប្រសិនបើអ៉ីរ៉ង់សម្លាប់ក្រុមបាតុករ បន្ទាប់ពីសកម្មភាពតវ៉ាប្រឆាំងការកើនឡើងថ្លៃទំនិញ នៅក្នុងប្រទេសអ៉ីរ៉ង់ បានឈានដល់ថ្នាក់បង្កឱ្យមានមនុស្សបាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី២ ខែមករា ឆ្នាំ២០២៦។
ក្រុមអ្នកតវ៉ានិងកងកម្លាំងសន្តិសុខ បានប៉ះទង្គិចគ្នានៅទីក្រុងមួយចំនួនកាលពីថ្ងៃព្រហស្បតិ៍ ដោយមនុស្ស៦នាក់ត្រូវរាយការណ៍ថា បានបាត់បង់ជីវិត ដែលជាសេចក្តីរាយការណ៍លើកដំបូងអំពីអ្នកស្លាប់ ចាប់តាំងពីអំពើហិង្សាបានកើនឡើងប៉ុន្មានថ្ងៃមកនេះ។ ដំបូងឡើយ ប្រជាជនអ៉ីរ៉ង់នៅរដ្ឋធានីតេហេរ៉ង់ បាននាំគ្នាធ្វើបាតុកម្មកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ ចំពោះមុខការកើនឡើងថ្លៃទំនិញ និងបញ្ហាសេដ្ឋកិច្ចដែលមិនមានកំណើន។ ក្រោយមកសកម្មភាពតវ៉ានោះ ក៏បានរីករាលដាលដល់ផ្នែកដទៃទៀតនៃប្រទេសអ៉ីរ៉ង់។
ក្នុងសារបង្ហោះលើបណ្តាញ Truth Social លោក ត្រាំ បានអះអាងថា ប្រសិនបើអ៉ីរ៉ង់បាញ់សម្លាប់ក្រុមអ្នកតវ៉ាដោយហិង្សា ដែលជាទម្លាប់របស់ពួកគេ សហរដ្ឋអាមេរិក នឹងចូលទៅជួយសង្រ្គោះអ្នកទាំងនោះ។ លោកប្រធានាធិបតី បានសង្កត់ធ្ងន់បន្ថែមថា អាមេរិកត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើយ៉ាងដូច្នោះ។
កាលពីថ្ងៃព្រហស្បតិ៍ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ បានរាយការណ៍ថា មនុស្ស២នាក់បានស្លាប់ ក្នុងការប៉ះទង្គិចគ្នារវាងកងកម្លាំងសន្តិសុខ និងក្រុមបាតុករនៅទីក្រុង Lordegan នៃខេត្ត Chaharmahal & Bakhtiari ហើយ៣នាក់ទៀត បានស្លាប់ក្នុងទីក្រុង Azna នៃខេត្ត Lorestan ដែលស្ថិតជាប់គ្នា។ ក្នុងថ្ងៃដដែលនោះ ក៏មានសេចក្តីរាយការណ៍ដែរថា សមាជិកម្នាក់នៃកងកម្លាំងសន្តិសុខ ត្រូវបានសម្លាប់អំឡុងការតវ៉ានៅទីក្រុង Kouhdasht ភាគខាងលិច។
គួរបញ្ជាក់ថា បាតុកម្មខាងលើមានទំហំតូចជាង ធៀបនឹងបាតុកម្មទ្រង់ទ្រាយធំយ៉ាងកក្រើក កាលពីឆ្នាំ២០២២ ដែលបានផ្ទុះឡើងដោយសារការស្លាប់របស់នារីម្នាក់ឈ្មោះ Mahsa Amini ដែលត្រូវបានអាជ្ញាធរអ៉ីរ៉ង់ចាប់ឃុំខ្លួន ដោយសារបំពានច្បាប់ដ៏តឹងរ៉ឹងស្តីពីការស្លៀកពាក់របស់ស្រ្តី។ ការបាត់បង់ជីវិតរបស់រូបនាង បានដុតបញ្ឆេះកំហឹងទូទាំងប្រទេស ក្នុងបាតុកម្មមួយ ដែលបានបណ្តាលឱ្យមនុស្សរាប់រយនាក់ស្លាប់ ក្នុងនោះរាប់សិបនាក់ជាសមាជិកកងកម្លាំងសន្តិសុខអ៉ីរ៉ង់៕









