បទវិភាគ៖ ទស្សនវិស័យ២០២៦៖ ប្រទេសចិននឹងធ្វើជាយុថ្កាសម្រាប់លំនឹងសេដ្ឋកិច្ចសកលជាបន្តបន្ទាប់
02-01-2026 17:52
(ប៉េកាំង)៖ ឆ្នាំ២០២៦ ជាឆ្នាំចាប់ផ្តើមនៃការអនុវត្តផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥ របស់ប្រទេសចិន ក្នុងនាមជាឧបករណ៍ សម្រាប់គ្រប់គ្រងសេដ្ឋកិច្ចប្រកបដោយលក្ខណៈពិសេសចិន ផែនការ៥ឆ្នាំបានប្រកាសព័ត៌មានជាច្រើនទៅកាន់ពិភពលោក ដូចជាទិសដៅការអភិវឌ្ឍន៍ ការចង្អុលបង្ហាញផ្នែកខាងគោលនយោបាយ និងមធ្យោបាយក្នុងការអនុវត្តកំណែទម្រង់របស់ប្រទេសចិន រយៈពេល៥ឆ្នាំ ។ ប្រព័ន្ធសារព័ត៌មានបរទេសជាច្រើនសម្គាល់ឃើញថា ក្នុងបរិបទដែលសេដ្ឋកិច្ចសកលមានអស្ថិរភាព កើនឡើងកាន់តែខ្លាំងឡើងៗ ប្រទេសចិនបាននិងកំពុងបង្កើតមូលដ្ឋានគ្រឹះសេដ្ឋកិច្ច តាមរយៈអនុវត្តគោលនយោបាយ កាន់តែមានភាពម្ចាស់ការនិងកាន់តែនឹងនរ ក្នុងន័យជំរុញការច្នៃប្រឌិតថី្ម និងពង្រីកតម្រូវការក្នុងស្រុក ព្រមទាំងរក្សាស្ថិរភាពនៃគោលនយោបាយម៉ាក្រូ ។
ស្ថានីយទូរទស្សន៍ Sky News របស់ប្រទេសអង់គ្លេសបានចុះផ្សាយថា ការដែលសេដ្ឋកិច្ចប្រទេសចិន សម្រេចបានសមិទ្ធផលដ៏ធំធេងនេះ មិនមែនជារឿងចៃដន្យទេ នេះគឺបាន មកពីការគ្រោងផែនការរយៈពេលយូរ ផ្តល់ការគាំទ្រដល់ផលិតកម្មក្នុងស្រុក ពង្រីកប្រភេទវិស័យឧស្សាហកម្ម បង្កើនការវិនិយោគ ក្នុងឧស្សាហកម្ម ដែលមានតម្លៃបន្ថែមខ្ពស់ជាដើម ជាមួយគ្នានេះដែរ ក៏បានឆ្លុះបញ្ចាំងឱ្យឃើញនូវជំនឿចិត្តរបស់ចិន ចំពោះមាគ៌ាអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ខ្លួនផងដែរ។
នាពេលថ្មីៗកន្លងទៅនេះ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិបានព្យាករណ៍ ថា ល្បឿនកំណើនសេដ្ឋកិច្ចរបស់ចិននៅឆ្នាំ២០២៥ នឹងឡើងដល់៥ភាគរយ បានលើកកម្ពស់០,២ភាគរយ បើប្រៀបធៀបនឹង «របាយការណ៏ស្តីពីទស្សនវិស័យសេដ្ឋកិច្ចពិភពលោក»ដែលប្រកាសនៅខែតុលា ឆ្នាំ២០២៥។ លោកស្រី Kristalina Georgieva អគ្គនាយកនៃអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ បានសម្តែងថា ដោយទទួលបានការគាំទ្រ ផ្នែកខាងគោលនយោបាយកាន់តែខ្លាំងឡើង អាចជឿជាក់បានថា សេដ្ឋកិច្ចចិននឹងសម្រេចបាន នូវកំណើនកាន់តែខ្លាំងនៅពេលអនាគត។
ក្នុងអំឡុងពេល៥ឆ្នាំចុងក្រោយ ដែលជំរុញការអនុវត្តផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៤ ជានិច្ចកាល ប្រទេសចិន តែងតែខិតខំប្រឹងប្រែងពួតដៃជាមួយបណ្តាប្រទេសនានាលើពិភពលោក ក្នុងនោះបូករួមទាំងប្រទេសកំពុងអភិវឌ្ឍន៍ផងដែរ ដើម្បីទទួលបានការអភិវឌ្ឍរួម និងកិច្ចសហប្រតិបតិ្តការឈ្នះ-ឈ្នះ ដែលបានផ្តល់កាលានុវត្តភាពថ្មីដល់សេដ្ឋកិច្ចសកល តាមរយៈសមិទ្ធផលនៃការធ្វើទំនើបកម្ម តាមបែបផែនចិន និងបានក្លាយជាម៉ាស៊ីនបញ្ឆោះ នៃកំណើនសេដ្ឋកិច្ចសកល និងប្រភពការអភិវឌ្ឍប្រកបដោយភាពច្នៃប្រឌិតថ្មី។
បច្ចុប្បន្ននេះ ប្រទេសចិនបានចុះហត្ថលេខាលើ ឯកសារស្តីពីការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ ” ជាមួយប្រទេសចំនួនជាង១៥០ និងអង្គការអន្តរជាតិចំនួនជាង៣០ ។ គម្រោងផ្លូវដែកចិន-ឡាវ ផ្លូវរថភ្លើងល្បឿនលឿន Jakarta-Bandung កំពង់ផែ Chancay និងផ្លូវដែក Mombasa–Nairobi ជាដើមបានជំរុញការបង្កើតនិម្មាបនកម្មថី្មនៃការតភ្ជាប់គ្នា “គម្រោងតូចនិងឆ្លាត”ដែលពាក់ព័ន្ធដល់ជីវភាពរស់នៅ របស់ប្រជាជនជាច្រើនត្រូវបានអនុវត្ត ដែលបានលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន នៃប្រទេសរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” ប្រកបដោយប្រសិទ្ធភាព។
ឥស្សរជនអន្តរជាតិកាន់តែច្រើនឡើងៗ បានយល់ឃើញថា ប្រឈមមុខនឹងការសាកល្បងនៃបញ្ហាសកល ដូចជាកម្លាំងជំរុញ កំណើនសេដ្ឋកិច្ចមិនគ្រប់គ្រាន់ អសមភាពប្រាក់ចំណូលកាន់តែធ្ងន់ធ្ងរ សភាពការណ៍បំពុលបរិស្ថាននិងបម្រែបម្រួលអាកាសធាតុ មានភាពកាន់តែតានតឹង គាំពានិយម និងឯកតោភាគីនិយមបានងើបឡើងវិញជាដើម ទស្សនៈអភិវឌ្ឍន៍ថ្មីស្តីពីការច្នៃប្រឌិតថ្មី សម្របសម្រួល បៃតង បើកចំហ និងចែករំលែកជាមួយគ្នា ដែលបានលើកឡើងដោយប្រទេសចិន មានសារៈសំខាន់ជាសកល ដែលបានមានអំណោយផលដល់ការចង្អុលបង្ហាញសកល ដើម្បីឆ្លើយតបនឹងការសាកល្បងការអភិវឌ្ឍន៍ និង អំណោយផលដល់ ការជំរុញអភិវឌ្ឍន៍រយៈពេលយូររបស់សង្គមមនុស្សជាតិផងដែរ។
ជាពិសេស នៅថ្ងៃទី១៨ ខែធ្នូ កំពង់ផែពាណិជ្ជកម្មសេរីហៃណានបានដាក់ឱ្យដំណើរការ នូវប្រតិបត្តិការគយពិសេស នៅកោះទាំងមូល ជាផ្លូវការ ប្រការនេះជាវិធានការដ៏សំខាន់របស់ប្រទេសចិន ដែលនឹងបន្តពង្រីកការបើកទូលាយចំពោះបរទេស ប្រកបដោយកម្រិតខ្ពស់ និងជំរុញការបង្កើតសេដ្ឋកិច្ចសកលបែបបើកទូលាយដោយមិនងាករេ។ មតិអន្តរជាតិ បានកត់សម្គាល់ជាទូទៅថា កំពង់ផែពាណិជ្ជកម្មសេរីហៃណានដាក់ឱ្យដំណើរការ នូវប្រតិបត្តិការគយពិសេសនៅកោះទាំងមូល វាមិនត្រឹមតែផ្តល់កម្លាំងចលករដល់ ការបង្កើតនិម្មាបនកម្មអភិវឌ្ឍន៍ថ្មីរបស់ចិនប៉ុណ្ណោះទេ ថែមទាំងបានក្លាយជាតំបន់ដែលទទួល ប្រជាប្រិយភាពថ្មីសម្រាប់ទូទាំងពិភពលោក ក្នុងការចែករំលែកកាលានុវត្តភាពអភិវឌ្ឍន៍ផងដែរ។
“ឆ្ពោះទៅមុខដោយទប់ទល់នឹងកម្លាំងសម្ពាធ ឆ្ពោះទៅកាន់ទិសដៅកាន់តែថ្មីនិងកាន់តែល្អប្រសើរ”! ក្នុងឆ្នាំថ្មី ប្រទេសចិននឹងខិតខំប្រឹងប្រែង មិនងាករេក្នុងការអនុវត្ត ការងាររបស់ខ្លួនយ៉ាងល្អ ចែករំលែកវិភាគទាន នៃការអភិវឌ្ឍ ជាមួយពិភពលោក ដើម្បីជំរុញសកលភាវូបនីយកម្មសេដ្ឋកិច្ចឱ្យរីកចម្រើនទៅកាន់ទិសដៅប្រកបដោយការបើកចំហ បរិយាបន្ន ផ្តល់ផលប្រយោជន៍ជាទូទៅ ប្រកបដោយតុល្យភាពនិងឈ្នះ-ឈ្នះ ព្រមនិងធ្វើជាយុថ្កាសម្រាប់ លំនឹងសេដ្ឋកិច្ចសកល ឱ្យបានល្អជាបន្តបន្ទាប់។ ប្រឈមនឹងសកលលោក ដែលមានភាពបម្រែបម្រួលនិងភាពរង្គោះរង្គើ ប្រទេសចិនដែលមានការអភិវឌ្ឍ មានវិបុលភាព មានជំនឿចិត្តចំពោះខ្លួនឯង និងមានភាពបើកទូលាយកាន់តែខ្លាំងឡើងៗ ពិតជានឹងរួមចំណែកកាន់តែធំ ដល់ពិភពលោក៕
វិទ្យុមិត្តភាពកម្ពុជាចិន








